Swift cc time

និស្សិតស្រី ២រូប នឹងបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន ក្រោមអាហារូបករណ៍ AUN/SEED-Net-JICA

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងអប់រំ

ភ្នំពេញ៖ និស្សិតស្រីកម្ពុជា ២រូប ទទួលបានឱកាសសិក្សានៅប្រទេសជប៉ុន ក្រោមអាហារូបករណ៍ AUN/SEED-Net-JICA។ យុវតីទាំងពីររូបនេះ នឹងបន្តការសិក្សាថ្នាក់បណ្ឌិតលើជំនាញវិស្វកម្មដឹកជញ្ជូន និងរៀបចំទីក្រុង និងជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំណីអាហារ។ មុនពេលទៅបន្តការសិក្សា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តល់ផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិតខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធស្រាវជ្រាវថ្មីៗពីប្រទេសជប៉ុន។

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ AUN/SEED-Net-JICA ថ្នាក់បណ្ឌិត ដែលនឹងត្រូវទៅបន្តការសិក្សានៅប្រទេសជប៉ុន។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងពីររូប ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ថ្នាក់បណ្ឌិតនេះ និងបានផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិត ប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌ ខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធស្រាវជ្រាវថ្មីៗពីប្រទេសជប៉ុន ជាពិសេសចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការសិក្សាឱ្យចំទិសដៅ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់លើការថែរក្សាសុខភាព តាមរយៈការត្រៀមខ្លួនឱ្យរួចរាល់ក្នុងការសម្របទៅនឹងរបៀបរស់នៅថ្មី ការហូបចុក និងការផ្លាស់ប្តូរអាកាសធាតុនៅប្រទេសជប៉ុន ព្រមទាំងចូលរួមលើកកម្ពស់កិត្តិយសជាតិ តាមរយៈការចែករំលែកវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាដល់មិត្តភក្តិអន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង