ភ្នំពេញ៖ ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន ១៤៥កន្លែងដល់សិស្សឬនិស្សិតដែលមានជីវភាពខ្វះខាតទូទាំងប្រទស ឱ្យសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន ១០០កន្លែង និងអាហារូបករណ៍ ៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស សម្រាប់ ឆ្នាំសិក្សា២០២៦-២០២៧ ។
យោងសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ដើម្បីដាក់ពាក្យបេក្ខជនត្រូវគោរពតាមលក្ខខណ្ឌដូចជា ជាសិស្សនិស្សិតធ្លាប់ចូលរួមសកម្មភាពសង្គម ឬមានជីវភាពខ្វះខាត។ បន្ទាប់មកទៀត ត្រូវបំពេញបែបបទនៃការដាក់ពាក្យតាមរយៈ APP អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងគោរពតាមខ្លឹមសារនៃកិច្ចសន្យាខិតខំរៀនសូត្រ។
បើតាមប្រភពដដែល ស សុខា តាមរយៈអាហារូបករណ៍នេះសិស្ស និស្សិតអាចជ្រើសរើសជំនាញសិក្សារហូតដល់ ៣២ជំនាញ សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។
រីឯ សាកលវិទ្យាល័យធនធានមនុស្សសិស្សអាចជ្រើសរើសជំនាញចំនួន ១៧ ដែលក្នុងនោះផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ ៣៥កន្លែង និងថ្នាក់បរិញ្ញាបត្ររង ១០កន្លែង។
គួរបញ្ជាក់ថា ដើម្បីដាក់ពាក្យបេក្ខជនត្រូវតែមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានសញ្ញាបត្រដែលមានតម្លៃសមមូល។ ប្រសិន បេក្ខជនមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ត្រូវដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦៕