Swift cc time

ពលរដ្ឋសិង្ហបុរីចំនួន ៥២នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសចិន ពាក់ព័ន្ធគម្រោងបោកប្រាស់ Pyramid Scheme

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ ក្រសួងការបរទេស និងប៉ូលិសសិង្ហបុរីបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ពលរដ្ឋសិង្ហបុរីចំនួន ៥២នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងខេត្ត Guangxi ប្រទេសចិន ក្រោមការសង្ស័យថាបានពាក់ព័ន្ធនឹងសកម្មភាពគម្រោងបោកប្រាស់បែប Pyramid Scheme និងបទល្មើសផ្សេងៗទៀត។ Pyramid Scheme គឺជាគំរូអាជីវកម្ម ឬការវិនិយោគបោកប្រាស់ខុសច្បាប់ ដែលមិនបង្កើតតម្លៃទំនិញ ឬសេវាកម្មពិតប្រាកដ ប៉ុន្តែទទួលបានប្រាក់ចំណូលតាមរយៈការ ទាក់ទាញ ឬជ្រើសរើសសមាជិកថ្មី ឱ្យចូលរួមបន្តបន្ទាប់គ្នា។

យោងតាមការផ្សាយរបស់សារព័ត៌មាន CNA ក្រសួងការបរទេសសិង្ហបុរីបានបញ្ជាក់ថា ខ្លួនបាន និងកំពុងទាក់ទងជាមួយអាជ្ញាធរចិន តាមរយៈស្ថានទូតសិង្ហបុរីប្រចាំទីក្រុងប៉េកាំង និងស្ថានកុងស៊ុលទូទៅប្រចាំទីក្រុងក្វាងចូវ ហើយទទួលបានដំណឹងថា ការស៊ើបអង្កេតកំពុងបន្តដំណើរការ។

តាមប្រភពព័ត៌មានចំនួនបីដែលបានផ្តល់ព័ត៌មានដល់ CNA ជនជាតិសិង្ហបុរីទាំងនោះត្រូវបានឃុំខ្លួនយ៉ាងហោចណាស់ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ។ ចំណែកឯក្រសួងការបរទេសចិនវិញ បានប្រកាសថា ខ្លួនចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងជនបរទេសស្របតាមច្បាប់ និងការពារសិទ្ធិស្របច្បាប់របស់ពួកគេយ៉ាងពេញលេញ។

រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មន្ត្រីក្រសួងបានចុះសួរសុខទុក្ខពលរដ្ឋសិង្ហបុរីទាំង ៥២នាក់នោះផ្ទាល់ចំនួនបីដងរួចមកហើយ ដើម្បីពិនិត្យមើលសុខទុក្ខ ផ្តល់ជំនួយផ្នែកកុងស៊ុល និងសម្របសម្រួលទាក់ទងជាមួយក្រុមគ្រួសាររបស់ពួកគេ។ រដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលសិង្ហបុរីមិនជ្រៀតជ្រែកក្នុងដំណើរការផ្លូវច្បាប់ និងការស៊ើបអង្កេតរបស់ប្រទេសដទៃនោះទេ ប៉ុន្តែនឹងបន្តតាមដានរឿងនេះយ៉ាងដិតដល់ ដើម្បីធានាថាពលរដ្ឋរបស់ខ្លួនទទួលបាននូវនីតិវិធីយុត្តិធម៌ត្រឹមត្រូវ៕

Khcct banner

អត្ថបទទាក់ទង