ឥណ្ឌូនេស៊ី៖ សិស្ស និងលោកគ្រូអ្នកគ្រូប្រហែល ២០០០នាក់ នៅប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ខ្លួនឈឺពុលចំណីអាហារក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ពាក់ព័ន្ធនឹងកម្មវិធីអាហារូបត្ថម្ភហូបចុកដោយឥតគិតថ្លៃសម្រាប់សាលារៀនរបស់រដ្ឋាភិបាល ដោយក្នុងនោះមានមនុស្សចំនួន ៧៧៧នាក់ បានធ្លាក់ខ្លួនឈឺបន្ទាប់ពីបរិភោគអាហារដែលផ្តល់ជូនតាមរយៈកម្មវិធី «Makan Bergizi Gratis (MBG)» នៅវិទ្យាល័យមួយក្នុងខេត្តចាវ៉ាកណ្តាល កាលពីថ្ងៃពុធ ដោយមានអាការៈរាគរូស និងចុកពោះខ្លាំង រហូតដល់សាលាត្រូវបញ្ជូនសិស្សជិត ១.២០០នាក់ និងបុគ្គលិក ៩៥នាក់ ឱ្យត្រឡប់ទៅផ្ទះវិញ និងខ្លះទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
បើតាម BBC នាយកសាលាបានបញ្ជាក់ថា រដ្ឋាភិបាលនឹងចេញថ្លៃព្យាបាលទាំងអស់ ហើយអ្នកចែកចាយចំណីអាហារក្នុងមូលដ្ឋានបានចេញមុខទទួលខុសត្រូវ និងសន្យាធ្វើការវាយតម្លៃឡើងវិញលើប្រតិបត្តិការរបស់ខ្លួន។ BBC បញ្ជាក់ទៀតថា ករណីពុលនេះបានកើតឡើងជាបន្តបន្ទាប់ ដោយមនុស្ស ៧៣០នាក់ផ្សេងទៀតក៏បានធ្លាក់ខ្លួនឈឺដោយសារអាហារដូចគ្នានេះនៅសាលាអប់រំសាសនាអ៊ីស្លាមមួយក្នុងខេត្តចាវ៉ាខាងកើត កាលពីថ្ងៃអង្គារ ព្រមទាំងករណីរាប់រយនាក់ផ្សេងទៀតក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង។ មាតាបិតា និងគ្រូបង្រៀនបានរាយការណ៍ថា ម្ហូបអាហារទាំងនោះមានសាច់មាន់ មិនសូវឆ្អិនល្អ និងមានក្លិនស្អុយ។
គួរកត់សម្គាល់ថា កម្មវិធីអាហារូបត្ថម្ភឥតគិតថ្លៃនេះ គឺជាគោលនយោបាយដ៏លេចធ្លោមួយរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក្នុងគោលបំណងកែលម្អសុខភាព និងអាហារូបត្ថម្ភរបស់កុមារតាមសាលា ប៉ុន្តែកម្មវិធីទំហំរាប់ពាន់លានដុល្លារនេះ កំពុងតែរងការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងការចំណាយ និងការចោទប្រកាន់ពីបទពុករលួយជាបន្តបន្ទាប់។ប្រធានទីភ្នាក់ងារជាតិស្តីពីអាហារូបត្ថម្ភរបស់ឥណ្ឌូនេស៊ី បានអះអាងថា ប្រសិនបើរកឃើញកំហុសឆ្គង ឬមានធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ គឺនឹងមិនមានការយោគយល់នោះឡើយ៕