បេរូត៖ ស៊ីរីបានចាប់ផ្តើមបំផ្លាញសំណល់នៃកម្មវិធីអាវុធគីមីសម័យរបបមេដឹកនាំចាស់ បាសា អាល់-អាសាដ ដែលរដ្ឋាភិបាលស៊ីរីថ្មីបានរកឃើញកាលពីខែឧសភា ដែលនេះជាការបំផ្លាញសំណល់នៃកម្មវិធីអាវុធគីមីលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ កាសែតរ៉យទ័របានរាយការណ៍កាលពីខែឧសភាថា ថ្នាក់ដឹកនាំថ្មីរបស់ស៊ីរីបានរកឃើញសំណល់នៃកម្មវិធីអាវុធគីមីរបស់អតីតប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ រួមទាំងវត្ថុធាតុដើម និងគ្រាប់រំសេវស្រដៀងគ្នាទៅនឹងគ្រាប់រំសេវដែលប្រើក្នុងការវាយប្រហារដោយឧស្ម័នដ៏សាហាវក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរីកាលពីឆ្នាំ ២០១៣ ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងគ្រោះដោយសារតែវិទ្យុសកម្មរបស់គីមី។
បើតាមលោកស្រី Izumi Nakamitsu តំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធ បានប្រាប់សន្និសីទសារព័ត៌មានក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ថា ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ មកអង្គការហាមឃាត់អាវុធគីមីបានផ្ទៀងផ្ទាត់ការបំផ្លាញគ្រាប់រំសេវគីមីនៅក្នុងប្រទេសស៊ីរី។ លោកស្រីបន្តថាបន្ទាប់ពីការរកឃើញនៅខែឧសភាមានរោងចក្រផលិតអាវុធគីមីបន្ថែមមួយទៀត និងសារធាតុគីមីដែលទើបរកឃើញថ្មីដែលប្រើក្នុងការផលិតសារធាតុសរសៃប្រសាទ និងគ្រាប់រំសេវគីមីរបស់រដ្ឋាភិបាលចាស់។
លោកស្រីបញ្ជាក់ទៀតថា កាលពីខែមុន (អង្គការហាមឃាត់អាវុធគីមី) OPCW បានដាក់ពង្រាយក្រុមមួយទៅកាន់ប្រទេសស៊ីរី ដើម្បីផ្ទៀងផ្ទាត់ការបំផ្លាញអាវុធគីមីប្រភេទទីបី ផ្តោតទៅលើគ្រាប់រំសេវដែលមិនទាន់ផ្ទុះនិងឧបករណ៍ផ្សេងទៀតដែលប្រើសម្រាប់បញ្ចេញអាវុធគីមី។ លោកស្រីថា ក្រុមជំនាញបានផ្ទៀងផ្ទាត់ការបំផ្លាញគ្រាប់បែកតាមអាកាសចំនួន ៤២ គ្រាប់ជាផ្នែកមួយនៃបេសកកម្មនោះ។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសស៊ីរីកំពុងរៀបចំធ្វើសវនាការលើកដំបូងលើមនុស្សដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធគីមីក្នុងរបបបាសា អាល់-អាសាដ។អាជ្ញាធរស៊ីរីកាលពីដើមឆ្នាំនេះបានចាប់ខ្លួនជនសង្ស័យចំនួន ១៨ នាក់ពីបទជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធគីមីរបស់លោក អាសាដ រួមទាំងមន្ត្រីយោធា នយោបាយ និងបច្ចេកទេសជាន់ខ្ពស់ជាច្រើននាក់។
មេដឹកនាំស៊ីរីលោក បាសា អាល់-អាសាដ នឹងក្រុមគ្រួសារដែលត្រូវបានប្រជាពលរដ្ឋធ្វើការបាតុកម្មប្រឆាំងផ្តួលរលំរបបផ្តាច់ការរបស់លោកដែលដឹកនាំតាំងពីឆ្នាំ១៩៧១ មក ដោយកាលពីថ្ងៃ ច័ន្ទ ទី ៩ ធ្នូ ឆ្នាំ ២០២៤ លោកបានទៅដល់ក្រុងមូស្គូជ្រកកោននៅទីនោះជាបណ្តោះអាសន្ន ក្រោយពីរូបលោកត្រូវបានភៀសខ្លួនទៅតាមយន្តហោះបន្ទាប់ពីប្រទេសលោកធ្លាក់ក្នុងចលាចលមិនធ្លាប់មានរហូតដល់ផ្តួលរលំរបបគ្រួសារលោក បាសា អាល់-អាសាដ។ របបរបស់លោក បាសា អាល់-អាសាដ បានដួលរលំនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័សរយៈពេល ១០ ត្រឹមថ្ងៃរបស់ពួកឧទ្ទាមដឹកនាំដោយលោក ហាយ៉ាត តារៀរ អាល់-សាម ដែលបានធ្វើឱ្យរដ្ឋាភិបាលស៊ីរីទប់ស្កាត់មិនទាន់ និងបញ្ចប់ការគ្រប់គ្រងពីរបបនេះអស់រយៈពេលជាង ៥០ ឆ្នាំ៕