ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់បានបន្តវាយប្រហារលើមូលដ្ឋានយោធាអាម៉េរិកនៅគុយវ៉ែតនៅថ្ងៃព្រហស្បតិ៍នេះជាថ្មីម្តងទៀតទោះបីជាប្រធានាធិបតីដូណាល់ ត្រាំបានគំរាមកំហែងវាយប្រហារកាន់តែខ្លាំងក្លាលើអ៊ីរ៉ង់ប្រសិនបើតដៃជាមួយអាម៉េរិកក៏ដោយ។ កងទ័ពគុយវ៉ែតក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះដែលថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់កំពុងកំណត់គោលដៅមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងរដ្ឋឈូងសមុទ្រដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មរបស់អាម៉េរិកប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់។
លោក ប្រធានាធិបតីត្រាំធ្លាប់បានព្រមានថាយោធារបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់នៅពេលណាក៏បាន បន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់សហរដ្ឋអាម៉េរិកលើទីតាំងនានាទូទាំងប្រទេសបានធ្វើឱ្យជនជាតិអ៊ីរ៉ង់យ៉ាងហោចណាស់ ១៩ នាក់ស្លាប់។ ឆ្លើយតបទៅវិញអ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារគោលដៅយោធាអាម៉េរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅគុយវ៉ែត ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងតំបន់ឃឺឌីស្ថានស្វយ័តរបស់អ៊ីរ៉ាក់ជាដើម៕