Swift cc time

អ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុដ៏ល្បី « Rich Dad Poor Dad» ជាប់បំណុល ១,២ ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ លោក រ៉ូបឺត គីយូសាគី (Robert Kiyosaki) អ្នកនិពន្ធសៀវភៅលក់ដាច់ខ្លាំង «ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ» (Rich Dad Poor Dad) និងជាគ្រូបង្រៀនផ្នែកអភិវឌ្ឍន៍ខ្លួនឯងកំពុងតែជាប់បំណុលរហូតដល់ ១,២ ពាន់លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងការវិនិយោគអចលនទ្រព្យទំហំធំរបស់លោក។ លោក Robert វ័យ ៧៩ឆ្នាំរូបនេះ តែងតែលើកយកតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះមកនិយាយជាញឹកញាប់ ដោយអះអាងថា ការខ្ចីប្រាក់មកទិញទ្រព្យសកម្មដែលបង្កើតចំណូល គឺជាយុទ្ធសាស្ត្រដែលអ្នកមានតែងតែប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់កាសែត New York Post អតីតភរិយា និងជាដៃគូជំនួញរបស់លោក គឺលោកស្រី គីម គីយូសាគី (Kim Kiyosaki) បានបញ្ជាក់ថា តួលេខ ១,២ ពាន់លានដុល្លារនេះ ត្រូវបានគេយល់ច្រឡំច្រើន ពោលគឺវាមិនមែនជាប្រាក់ដែលអ្នកនិពន្ធរូបនេះត្រូវជំពាក់សងផ្ទាល់ខ្លួននោះឡើយ។ លោកស្រីបានពន្យល់ថា វាជាបំណុលដែលជាប់នឹងអចលនទ្រព្យរួមជាមួយដៃគូជំនួញ ដែលត្រូវបានការពារដោយក្រុមហ៊ុនមានការទទួលខុសត្រូវមានកម្រិត (LLCs) ដាច់ដោយឡែកពីគ្នា ដើម្បីគ្រប់គ្រងហានិភ័យ។

តាមប្រភពព័ត៌មាន យុទ្ធសាស្ត្រវិនិយោគរបស់លោក គីយូសាគី គឺការខ្ចីប្រាក់បន្ថែមលើតម្លៃសមធម៌ (Equity) ដែលកើនឡើងនៃអចលនទ្រព្យ ដើម្បីយកប្រាក់កម្ចីនោះមកប្រើប្រាស់ជាប្រភពចំណូលដោយរួចផុតពីពន្ធ។

អ្នកជំនាញផ្នែកពន្ធដារ និងអចលនទ្រព្យមានការយល់ឃើញខុសគ្នា ដោយអ្នកខ្លះមើលឃើញថាវាជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព និងជារឿងធម្មតាក្នុងចំណោមអ្នកវិនិយោគខ្នាតធំ ប៉ុន្តែអ្នកខ្លះទៀតបានព្រមានថា ការប្រើប្រាស់បំណុលកម្រិតខ្ពស់បែបនេះ អាចប្រៀបដូចជា «រណាយន្ត» ហិរញ្ញវត្ថុដែលត្រៀមនឹងកាប់បំផ្លាញ ប្រសិនបើទីផ្សារធ្លាក់ចុះ ហើយវាអាចនាំឱ្យអ្នកវិនិយោគទូទៅធ្លាក់ខ្លួនដល់ស្ថានភាពក្ស័យធន់យ៉ាងឆាប់រហ័ស៕

Khcct banner

អត្ថបទទាក់ទង