Swift cc time

វៀតណាម ចាប់ខ្លួនអនុរដ្ឋមន្រ្តីសុខាភិបាលពាក់ព័ន្ធការស៊ីសំណូកទឹកប្រាក់សន្ធឹកសន្ធាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ លោក ត្រឹង វ៉ាន់ធួន (Tran Van Thuan) អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទទទួលប្រាក់សំណូកទឹកប្រាក់ចំនួនច្រើននិងបានបំផ្លើសតម្លៃគ្រឿងបរិក្ខារពេទ្យមុននាំចូលក្នុងប្រទេស មុនពេលត្រូវបានចាប់ខ្លួន លោក ធួន បានកាន់ការខុសត្រូវលើវិស័យសំខាន់ៗជាច្រើនក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការគ្រប់គ្រងផ្ទាល់លើការពិនិត្យព្យាបាលជំងឺ សុវត្ថិភាពឈាម ការប្តូរសរីរាង្គ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកក៏បានត្រួតពិនិត្យមន្ទីរពេទ្យជួរមុខ និងមន្ទីរពេទ្យធំៗជាង ២០ កន្លែងទូទាំងប្រទេស ដូចជាមន្ទីរពេទ្យបាក់ម៉ាយ មន្ទីរពេទ្យវៀតឌឹក និងមន្ទីរពេទ្យមហារីក (K Hospital) ដែលលោកធ្លាប់ធ្វើជានាយកមុនពេលឡើងកាន់តំណែងជាអនុរដ្ឋមន្ត្រីក្នុងខែមេសា ឆ្នាំ២០២០។

បើតាមកាសែត Vietnam.net លោក ត្រឹង វ៉ាន់ធួន កើតនៅឆ្នាំ១៩៧០ ក្នុងខេត្តបាក់និញ ជាអ្នកឯកទេសខាងជំងឺមហារីកឈានមុខគេ ដែលទទួលបានឋានន្តរសាស្ត្រជាសាស្ត្រាចារ្យក្នុងឆ្នាំ២០១៨ និងជាអ្នកផ្ដួចផ្ដើមបង្កើតមូលនិធិអនាគតភ្លឺស្វាងដើម្បីជួយដល់អ្នកជំងឺមហារីក និងរហូតបានក្លាយជាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល។បច្ចុប្បន្ននេះនាយកដ្ឋាននគរបាលសេដ្ឋកិច្ចវៀតណាម កំពុងបន្តពង្រីកការស៊ើបអង្កេតដើម្បីកំណត់ទំហំនៃសំណុំរឿង ស្វែងរកតួនាទីរបស់បុគ្គលពាក់ព័ន្ធ និងប្រមូលទ្រព្យសម្បត្តិជូនរដ្ឋវិញ។

អាជ្ញាធរវៀតណាមក៏បានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគសុខាភិបាលវៀតមី (Viet My)។ ក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា នាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសពុករលួយ សេដ្ឋកិច្ច និងរត់ពន្ធ (ហៅកាត់ថា C03) បានចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌ និងចេញដីកាឃុំខ្លួនលោក ធួន ក្រោមបទចោទប្រកាន់រំលោភលើបទប្បញ្ញត្តិគណនេយ្យ និងទទួលប្រាក់សំណូកស្របតាមក្រមព្រហ្មទណ្ឌវៀតណាម៕

Khcct banner

អត្ថបទទាក់ទង