Swift cc time

ថៃរំពឹងប្រមូលចំណូល ៣ លានដុល្លារពីទាហានអាម៉េរិក ពេលចូលចតសម្រាកលំហែកាយនៅប៉ាតាយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាវាដឹកយន្តហោះ USS Abraham Lincoln របស់អាម៉េរិក ដែលមានផ្ទុកបុគ្គលិកយោធាប្រមាណ ៥ ០០០ នាក់ បានចូលចតនៅកំពង់ផែឡែមឆាបាង (Laem Chabang) នៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីបំពេញបេសកកម្មគាំទ្រសង្គ្រាមជាមួយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា និងស្ថិតនៅលើសមុទ្រអស់រយៈពេល ២៥០ ថ្ងៃដោយគ្មានការចូលចត។ ការសម្រាកលំហែកាយនេះធ្វើឡើងដើម្បីឱ្យនាវិកបានស្តារកម្លាំងឡើងវិញ មុនពេលធ្វើដំណើរត្រឡប់ទៅមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដោយអាជ្ញាធរថៃរំពឹងថានឹងអាចទាក់ទាញចំណូលចូលសេដ្ឋកិច្ចក្នុងស្រុកបានប្រមាណ ១០០ លានបាត (ស្មើនឹងប្រមាណ ៣ លានដុល្លារអាម៉េរិក)។

យោងតាមកការចេញផ្សាយរបស់កាសែតBBC ការមកដល់របស់នាវាចម្បាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់អាជីវករក្នុងតំបន់របស់ថៃ ស្របពេលដែលទីក្រុងប៉ាតាយ៉ាកំពុងជួបប្រទះការធ្លាក់ចុះនៃភ្ញៀវទេសចរ និងផលប៉ះពាល់សេដ្ឋកិច្ច។ អាជីវករមូលដ្ឋានរំពឹងយ៉ាងខ្លាំងថា នាវិកអាម៉េរិកដែលមិនបានចាយប្រាក់បៀវត្សរ៍ក្នុងអំឡុងពេលប្រហែល ៩ ខែនៅលើសមុទ្រ នឹងជួយទិញទំនិញ និងស្តារអាជីវកម្មក្នុងស្រុកឡើងវិញ។

ដើម្បីរក្សាសណ្តាប់ធ្នាប់ និងការពារកុំឱ្យមានភាពអសកម្ម ឬព័ត៌មានអវិជ្ជមាន ទាំងអាជ្ញាធរថៃ និងកងទ័ពជើងទឹកអាម៉េរិកបានដាក់ចេញនូវវិធានការរឹតបន្តឹងយ៉ាងខ្លាំង ដោយបានហាមឃាត់មិនឱ្យនាវិកចូលទៅកាន់តំបន់សេវាកម្មផ្លូវភេទដ៏ល្បីដូចជាផ្លូវ Soi 6 ហាងលក់កញ្ឆា និងការលេងកីឡាទឹកប្រថុយប្រថានឡើយ។

ក្រៅពីការរៀបចំរថយន្តក្រុងដឹកជញ្ជូន និងសណ្ឋាគារជាក់លាក់ អាជ្ញាធរថៃបានដាក់ពង្រាយប៉ូលិសរាប់រយនាក់ដើម្បីឃ្លាំមើលតំបន់កម្សាន្ត ដោយសង្ឃឹមថាការឈប់សម្រាកនេះនឹងផ្តល់ភាពស្រស់ស្រាយដល់នាវិក ព្រមទាំងបង្ហាញពីមុខមាត់ថ្មីរបស់ទីក្រុងប៉ាតាយ៉ា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាការមកដល់នៃកងទ័ពយោធាអាម៉េរិកដ៏ច្រើនបំផុតពីតំបន់សង្គ្រាមមកកាន់ទីក្រុងនេះ ចាប់តាំងពីឆ្នាំ ១៩៧៥ មក៕

Khcct banner

អត្ថបទទាក់ទង