នេប៉ាល់៖ តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ទឹកជំនន់ដោយសារបាក់ផ្ទាំងទឹកកកភ្នំហិម៉ាល័យ នៅព្រំដែនប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ចិន បានកើនឡើងហួសកំណត់ត្រា ១ ០០០នាក់ហើយ ដោយមានអ្នកស្លាប់សរុប ១ ០០៣នាក់ ខណៈមនុស្សជិត ៤ ៥០០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។
គ្រោះមហន្តរាយទឹកជំនន់ផ្ទាំងទឹកកកហិម៉ាល័យបានវាយកម្ទេចភូមិឋានជាច្រើន បណ្តាលឱ្យកកស្ទះបន្ទប់តម្កល់សព និងបង្ខំឱ្យអាជ្ញាធរនេប៉ាល់ត្រូវ រៀបចំរណ្តៅបញ្ចុះសពរួមសម្រាប់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។ ប្រជាជនរងគ្រោះ បានឈរតម្រៀបគ្នាបិទរូបថតស្វែងរកសាច់ញាតិដោយក្តីអស់សង្ឃឹម ក្នុងនោះមានជនបរទេសរាប់រយនាក់ពីជាង ៣០ជាតិសាសន៍ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។
ក្រុមជួយសង្គ្រោះនេប៉ាល់-ទីបេ កំពុងខិតខំខ្នះខ្នែងស្វែងរកអ្នករស់រានមានជីវិត រួមទាំងកម្មករវារីអគ្គិសនីប្រហែល ១០០នាក់ដែលជាប់គាំងក្នុងផ្លូវរូងក្រោមដីលប់ដោយល្បាប់ភក់។ បច្ចុប្បន្ន ស្ពាន ផ្លូវថ្នល់ និងវារីអគ្គិសនីត្រូវបានបំផ្លាញ ខណៈគ្រួសាររងគ្រោះត្រូវស្នាក់ក្នុងជំរំបណ្តោះអាសន្នក្រោមភ្លៀងធ្លាក់ខ្លាំង។
នាយករដ្ឋមន្ត្រីនេប៉ាល់បានលើកឡើងថា វិបត្តិនេះកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ហើយការស្តារឡើងវិញអាចត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ។ ចំណែកភាគីចិនបានដាក់ពង្រាយកម្លាំងជាង ២ ០០០នាក់ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែរងការជំទាស់ពីក្រុមសកម្មជនទីបេពាក់ព័ន្ធនឹងតួលេខអ្នកស្លាប់ តែភ្លាមៗ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់ពីការលាក់បាំងនោះ៕