មីយ៉ាន់ម៉ា៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីង អ៊ុងឡាំង (Min Aung Hlaing) នឹងត្រូវបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ភាគីវៀតណាម។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ដោយលោក មីង អ៊ុងឡាំង គ្រោងនឹងជួបប្រជុំជាមួយប្រធានរដ្ឋ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាវៀតណាម ព្រមទាំងអញ្ជើញថ្លែងមតិក្នុងវេទិកាធុរកិច្ចមីយ៉ាន់ម៉ា-វៀតណាម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy ទោះបីជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនទាន់ផ្ដល់ការទទួលស្គាល់ពេញលេញដល់របបយោធាមីយ៉ាន់ម៉ា ប៉ុន្តែវៀតណាមគឺជាប្រទេសសមាជិកអាស៊ានទីបីហើយ បន្ទាប់ពីប្រទេសឡាវ និងថៃ ដែលបានអញ្ជើញលោក មីង អ៊ុងឡាំង ឱ្យទៅបំពេញទស្សនកិច្ចផ្លូវការ។
គួរបញ្ជាក់ថា មេដឹកនាំមីយ៉ាន់ម៉ារូបនេះ កំពុងស្វែងរកភាពស្របច្បាប់តាមរយៈដំណើរទស្សនកិច្ចទាំងនេះ ទោះរងការរិះគន់ពីអាស៊ានពាក់ព័ន្ធនឹងការមិនអើពើនឹងកិច្ចព្រមព្រៀង៥ចំណុច។ បន្ទាប់ពីទទួលបានការស្វាគមន៍ពីវៀតណាម លោកគ្រោងនឹងបន្តដំណើរមកកាន់ប្រទេសកម្ពុជានៅក្នុងខែកញ្ញានេះ៕