ថៃ៖ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានថ្លែងថា រដ្ឋាភិបាលថៃ នឹងស្នើឱ្យពង្រីករបងព្រំដែនថៃ-ម៉ាឡេស៊ីដែលមានស្រាប់ ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសជួញដូរគ្រឿងញៀន ការរត់ពន្ធ ក៏ដូចជាសកម្មភាពខុសច្បាប់ផ្សេងៗតាមបន្ទាត់ព្រំដែន។លោកស៊ីហាសាក់ បានបន្ថែមថា រដ្ឋាភិបាលថៃ ក៏ចាំបាច់ត្រូវមានការសម្របសម្រួលផ្នែកព័ត៌មានសម្ងាត់ឱ្យបានប្រសើរជាងមុន និងបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀតនៅតាមបណ្តាខេត្តភាគខាងត្បូង។
ថ្លែងប្រាប់កាសែតខាវស៊ត លោកស៊ីហាសាក់ បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងមធ្យោបាយធ្វើដំណើរជាមួយប្រទេសម៉ាឡេស៊ី ក៏ជាកត្តាគន្លឹះក្នុងការលើកកម្ពស់សន្តិសុខ និងទំនុកចិត្តរបស់សាធារណជន។
លោកស៊ីហាសាក់ បានបញ្ជាក់ថា លោកនឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ ដើម្បីតាមដានលើកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ លោកមានគម្រោងនាំយកលោក Thanat Suwannanon ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសថៃ និងជាប្រធានក្រុមចរចាសន្តិភាពភាគខាងត្បូង ទៅជាមួយ ដើម្បីជួយបង្កើតទំនាក់ទំនងការងារជាមួយមន្ត្រីម៉ាឡេស៊ី៕