ថៃ៖ ការិយាល័យពន្ធនាគារស្រុកនាងរង ខេត្តបុរីរាំ បានប្រកាសផ្អាកជាបណ្ដោះអាសន្ននូវការចូលជួបសួរសុខទុក្ខផ្ទាល់ និងតាមប្រព័ន្ធអនឡាញសម្រាប់ទណ្ឌិត និងអ្នកជាប់ឃុំ ស្ថិតក្នុងផ្នែកទទួលជនទើបចូលថ្មី និងផ្នែកទី១ (Zone 1) ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីមានអ្នកទោសម្នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានខាវស៊ត ពន្ធនាគារបានបញ្ជាក់ថា ការផ្អាកនេះអាចនឹងត្រូវពន្យារពេលបន្តទៀត រហូតទាល់តែស្ថានភាពនៃការឆ្លងរាតត្បាតវិលត្រឡប់មករកភាពប្រក្រតីវិញ។ ប៉ុន្តែ សាច់ញាត្តិគ្រួសារនៅតែអាចផ្ញើប្រាក់ និងសម្ភារៈប្រើប្រាស់ដែលអនុញ្ញាតផ្សេងៗជូនដល់អ្នកទោសបានធម្មតា។
យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ប្រទេសថៃបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួន ៩៥៣៥៧ករណី និងមានអ្នកស្លាប់ចំនួន ១៤នាក់ ដោយចំនួនអ្នកឆ្លងមានការកើនឡើងខ្ពស់ជាងមុនក្នុងអំឡុងពេលមួយខែកន្លងមកនេះ៕