ឡាវ៖ ខេត្តហ្លួងណាមថា ភាគខាងជើងប្រទេសឡាវ ត្រូវបានប្រកាសជាផ្លូវការថាជាតំបន់គ្រោះមហន្តរាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទឹកជំនន់ឆក់បានបោកបក់កាត់តំបន់ព្រំដែនឡាវ-ចិន ក្នុងទីក្រុងបូតែន ដែលបណ្តាលឱ្យលិចលង់អគារ តំបន់សេដ្ឋកិច្ចពិសេស ដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមបណ្តាភូមិជាង ៣០។
យោងតាមការចេញផ្សាយរបស់កាសែត The Laotian Times ស្ថានភាពទឹកជំនន់ និងគ្រោះរអិលបាក់ដីនេះ ក៏បានបិទផ្ដាច់ផ្លូវជាតិលេខ ១៣ ខាងជើង ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងខេត្តឧត្តមស័យ ដែលធ្វើឱ្យភូមិចំនួន ៧៤ និងគ្រួសារជាង ៣៨១៧ គ្មានអគ្គិសនីប្រើប្រាស់ ដោយសារផ្លូវត្រូវបានកាត់ផ្ដាច់រារាំងដល់កិច្ចសហការជួសជុល។
បណ្តាខេត្តដែលប្រឈមមុខនឹងហានិភ័យរួមមាន ខេត្តផុងសាលី ហ៊ូផាន់ ហ្លួងព្រះបាង ហ្លួងណាមថា ឧត្តមសៃ សៃសំបួន ប៉ូលីខាំសៃ ខាំមួន សាវ៉ាណាក់ខេត្ត សាឡាវ៉ាន់ សេកុង ចំប៉ាសាក់ អាតាពឺ និងរដ្ឋធានីវៀងចន្ទន៍។
អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធឡាវ កំពុងពន្លឿនការជួយសង្គ្រោះ និងជួសជុល ព្រមទាំងបានចេញសេចក្តីព្រមានបន្តថា តំបន់ភាគខាងជើង និងកណ្តាលប្រទេសឡាវ នៅតែប្រឈមមុខនឹងហានិភ័យខ្ពស់នៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងគ្រោះរអិលបាក់ដីរហូតដល់ថ្ងៃទី ៣១ ខែសីហា។ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងតំបន់ទំនាប ត្រូវបានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្ន តាមដានការព្យាករអាកាសធាតុ និងត្រៀមខ្លួនសម្រាប់ទឹកជំនន់ឆក់ និងគ្រោះរអិលបាក់ដីដែលអាចកើតមាន៕