ចិន៖ ប្រទេសចិនបានដាក់ទណ្ឌកម្មលើមនុស្សចំនួន ១០ នាក់ និងទាត់ចោលការចោទប្រកាន់នានាជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត ឬពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងគ្រោះមហន្តរាយទឹកជំនន់ដ៏រញ្ជួយនៅតំបន់ព្រំដែននេប៉ាល់-ទីបេ ដែលបណ្តាលឱ្យមនុស្សស្លាប់លើសពី ៩០០ នាក់ និងបាត់ខ្លួនជិត ៥០០០ នាក់។
យោងតាមការចេញផ្សាយរបស់កាសែតCNA ស្ថានទូតចិនប្រចាំនៅនេប៉ាល់បានចេញមកច្រានចោលការចោទប្រកាន់ដែលថា ប្រទេសចិនខកខានមិនបានចេញសេចក្តីជូនដំណឹងជាមុន ឬបណ្តាលឱ្យមានការខាតបង់ដោយសារការបាក់ទំនប់ ដោយបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងលើតំបន់ភ្នំហិមាល័យ ហើយភាគីចិនក៏បានសហការចែករំលែកព័ត៌មានដល់ភាគីនេប៉ាល់តាមលទ្ធភាពបច្ចេកវិទ្យា។
ភាគីចិនគូសបញ្ជាក់ថា ប្រទេសចិនបានពន្លឿនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយបានផ្តល់ប្រាក់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ លានដុល្លារអាម៉េរិក ថវិកាបន្ថែមពីកាកបាទក្រហម និងការបញ្ជូនសម្ភារបរិក្ខារសង្គ្រោះចំនួន ១៣២០០ កញ្ចប់ រួមទាំងអ្នកជំនាញបច្ចេកទេស ទៅកាន់ប្រទេសនេប៉ាល់ដើម្បីជួយដល់ជនរងគ្រោះ។
បច្ចុប្បន្ន បុគ្គលទាំង ១០ នាក់សុទ្ធតែបានទទួល «ទណ្ឌកម្មរដ្ឋបាល» ពីសំណាក់ការិយាល័យ ដោយមិនបានបញ្ជាក់លម្អិតអំពីការដាក់ទណ្ឌកម្មជាក់លាក់ ឬក៏វេទិកាបណ្តាញសង្គមដែលការបង្ហោះនោះត្រូវបានធ្វើឡើងឡើយ។ គួរបញ្ជាក់ថា ពលរដ្ឋចិនចំនួន ១៦ នាក់បានស្លាប់ក្នុងសោកនាដកម្មនេះ និង ៥៤៦ នាក់បន្តបាត់ខ្លួន៕