វៀតណាម៖ ក្រុមហ៊ុន តូយ៉ូតា ម៉ូតូ វៀតណាម (Toyota Motor Vietnam) បានទទួលការអនុម័តផ្លូវការលើគម្រោងវិនិយោគខ្នាតធំទំហំទឹកប្រាក់ជាង ២៨៣ លានដុល្លារអាម៉េរិក ដើម្បីពង្រីកសង្វាក់ផលិតកម្មរថយន្ត និងគ្រឿងបន្លាស់ ព្រមទាំងឈានឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនីនៅលើផ្ទៃដីទំហំ ២៨,៦ ហិកតា ក្នុងខេត្តភូថូ ដោយមានកម្លាំងផលិតប្រចាំឆ្នាំរហូតដល់ប្រហែល ៥២០០០ គ្រឿង។នេះបើយោងតាមការចេញផ្សាយរបស់កាសែតToui Tre News។
យោងតាមផែនការយុទ្ធសាស្ត្រ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការសាងសង់រោងចក្រលាបថ្នាំ និងរោងចក្របោះពុម្ព (Stamping plant) ក្នុងខែឧសភា ឆ្នាំ ២០២៧ ដោយបំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មទំនើបៗ និងរំពឹងថានឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៩ ដែលនឹងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការផលិតម៉ូដែលរថយន្តដំឡើងក្នុងស្រុក (CKD) ជំនាន់ថ្មី រួមទាំងរថយន្តកូនកាត់ (Hybrid)។
គម្រោងពង្រីកនេះត្រូវបានរំពឹងថានឹងជួយពង្រឹងឧស្សាហកម្មគាំទ្រផ្នែកយានយន្ត បង្កើតឱកាសការងារថ្មីៗ ជំរុញការផ្ទេរបច្ចេកវិទ្យា និងរួមចំណែកអភិវឌ្ឍខេត្តភូថូឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មយានយន្តដ៏សំខាន់នៅភាគខាងជើងប្រទេសវៀតណាម បន្ថែមលើសមិទ្ធផលផលិតរថយន្តជាង ៧០០០០០ គ្រឿងចាប់តាំងពីឆ្នាំ ១៩៩៥ មក៕