ថៃ៖ អាជ្ញាធរប៉ាតាយ៉ាបានកំណត់ផ្លូវ Soi 6, Soi 6/1 and Soi 7 ជាតំបន់ហាមឃាត់ពិសេសនឹងមិនឱ្យ កងទ័ពជើងទឹកអាម៉េរិកចូលទៅតំបន់ខាងលើបានឡើយក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាវា USS Abraham Lincoln និងនាវាអមដំណើរពីរគ្រឿងទៅកាន់ខេត្តឈុនបុរី ។ ថៃថាចំណាត់ការនេះគឺដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម និងធានាសុវត្ថិភាព ដោយកងទ័ពជើងទឹកអាម៉េរិកនៅតែត្រូវបានអនុញ្ញាតឱ្យទៅទស្សនាតំបន់កម្សាន្តមួយចំនួន ប៉ុន្តែត្រូវតែអនុវត្តតាមការរឹតបន្តឹងពេលវេលាដែលបានកំណត់ និងចាកចេញពីតំបន់នោះមុនម៉ោង ០២:០០ ភ្លឺ ។
ក្រុមនាវាចម្បាំងរបស់កងទ័ពជើងទឹកអាម៉េរិក ដែលដឹកនាំដោយនាវា USS Abraham Lincoln ត្រូវបានគ្រោងនឹងចូលចតនៅខេត្តឈុនបុរីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញា ដោយមានទាហានជាង ៥០០០ នាក់នៅលើនាវា។ អាជ្ញាធរប៉ាន់ប្រមាណថាទាហានអាម៉េរិកប្រហែល ៦០% ឬស្មើរនឹង៣,០០០នាក់ នឹងទៅទស្សនាទីក្រុងប៉ាតាយ៉ា ហើយស្នាក់នៅមួយយប់ក្នុងអំឡុងពេលចូលចតនៅកំពង់ផែ។
អាជ្ញាធរប៉ាតាយ៉ាក៏បានប្រកាសទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ ដោយរំលឹកដល់អាជីវកម្ម និងសាធារណជនថា ការទិញ និងលក់សេវាកម្មផ្លូវភេទគឺខុសច្បាប់។ ការកេងប្រវ័ញ្ចផ្លូវភេទណាមួយដែលពាក់ព័ន្ធនឹងកុមារ ឬអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ មន្ត្រីក៏បានណែនាំអាជីវកម្ម និងអ្នកផ្តល់សេវាកម្មឱ្យគិតថ្លៃសមរម្យ និងផ្តល់សេវាកម្មត្រឹមត្រូវ ដោយព្រមានកុំឱ្យកេងប្រវ័ញ្ចភ្ញៀវទេសចរក្នុងអំឡុងពេលទស្សនកិច្ច៕