Swift cc time

វិមានក្រឹមឡាំង៖ ជំនួបត្រីភាគីរបស់ ចិន-រុស្ស៊ី-អាម៉េរិក ទំនងនឹងកើតមាននៅខែវិច្ឆិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ ជំនួយការវិមានក្រឹមឡាំង លោកយូរី យូសាកូវ (Yury Ushakov) បានបញ្ជាក់នៅល្ងាចថ្ងៃអង្គារថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកស៊ី ជីនពីង អាចនឹងជួបប្រជុំត្រីភាគីនៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅក្នុងខែវិច្ឆិកាខាងមុខនេះ ដែលនឹងមានចិនជាម្ចាស់ផ្ទះ។

លោកយូសាកូវ បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថាបញ្ហានេះត្រូវបានពិភាក្សាហើយ តែលោកមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការចូលរួមរបស់កំពូលមេដឹកនាំទាំងបីនៅឡើយនោះទេ។ បន្ថែមពីនេះអ្នកនាំពាក្យសេតវិមាន លោកស្រីអាណា ខេលី អះអាងទៀតថា យើងមិនមានសេចក្តីប្រកាសណាមួយទាក់ទងនឹងការចូលរួមរបស់លោកប្រធានាធិបតីត្រាំនៅ APEC នៅពេលនេះទេ។

ជំនួយការវិមានក្រឹមឡាំង លោកយូរី យូសាកូវ (Yury Ushakov)

គួររម្លឹកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលមានសមាជិក ២១ ប្រទេសរួមទាំងមហាអំណាចរុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក APEC ជាអង្គការពាណិជ្ជកម្មពហុភាគីមួយក្នុងចំណោមអង្គការពាណិជ្ជកម្មពហុភាគីជាច្រើនដែលបានលេចឡើងក្នុងសម័យក្រោយសង្គ្រាមត្រជាក់។ នៅពេលដែលសង្រ្គាមត្រជាក់ឈានដល់ទីបញ្ចប់សណ្ដាប់ធ្នាប់ពិភពលោកថ្មី ត្រូវបានសម្គាល់ដោយកំណើនសកលភាវូបនីយកម្ម និងការរីកចម្រើននៃប្លុកពាណិជ្ជកម្មក្នុងតំបន់។តួនាទីចម្បងរបស់ APEC គឺជំរុញ និងសម្របសម្រួលកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងសមាជិក។

នៅឆ្នាំ ២០២៦ នេះទីក្រុងសិនជិន ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំនៃ APEC ថ្ងៃទី១៨-១៩ ខែវិច្ឆិកាខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង