ចិន៖ មន្ត្រីចិនម្នាក់បានប្រកាសកាលពីថ្ងៃអង្គារថា ព្រែកជីកពីងលូ (Pinglu Canal) ដែលជាផ្លូវទឹកសិប្បនិម្មិតដំបូងគេរបស់ប្រទេសចិន តភ្ជាប់ទន្លេក្នុងស្រុកទៅនឹងសមុទ្រ ត្រូវបានរំពឹងថានឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនរវាងតំបន់ភាគនិរតីរបស់ប្រទេស និងបណ្តាប្រទេសសមាជិកអាស៊ានចំនួន ៥៦០ គីឡូម៉ែត្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ព្រែកជីកប្រវែង ១៣៤,២ គីឡូម៉ែត្រនេះ គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងរបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី ដែលជាបណ្តាញដឹកជញ្ជូនទំនិញមានគោលបំណងកែលម្អទំនាក់ទំនងរវាងតំបន់ភាគខាងលិចរបស់ប្រទេស និងទីផ្សារអន្តរជាតិ។ គម្រោងនេះនឹងផ្តល់ឱ្យទំនិញមកពីភាគនិរតីប្រទេសចិននូវផ្លូវវាងដ៏ខ្លីមួយទៅកាន់កំពង់ផែឈូងសមុទ្រប៉ែប៊ូ (Beibu Gulf) ដោយសារវាត្រូវបានរចនាឡើងដើម្បីភ្ជាប់ប្រព័ន្ធទន្លេស៊ីជាំង (Xijiang) ជាមួយនឹងឈូងសមុទ្រប៉ែប៊ូ តាមរយៈទន្លេឈីងជាំង (Qinjiang)។
លោកស្រី លូ ស៊ីននិញ (Lu Xinning) អនុអភិបាលតំបន់ស្វយ័តក្វាងស៊ីចួង (Guangxi Zhuang Autonomous Region) បានមានប្រសាសន៍ថា៖ «ពេលដែលព្រែកជីកពីងលូត្រូវបានបើកឱ្យធ្វើចរាចរណ៍ផ្លូវទឹក ចម្ងាយដឹកជញ្ជូនរវាងតំបន់ភាគនិរតីរបស់ចិន និងបណ្តាប្រទេសអាស៊ាននឹងត្រូវកាត់បន្ថយចំនួន ៥៦០ គីឡូម៉ែត្រ ហើយថ្លៃដើមភស្តុភារកម្មនឹងត្រូវកាត់បន្ថយពី ១៨ ទៅ ៣០ ភាគរយ»។
លោកស្រីបានបន្ថែមថា៖ «ព្រែកជីកពីងលូ គឺជាផ្លូវទឹកតភ្ជាប់ទន្លេនិងសមុទ្រដែលមានស្តង់ដារខ្ពស់បំផុតក្នុងពិភពលោក ដែលនឹងផ្លាស់ប្តូរទេសភាពសេដ្ឋកិច្ចនិងភូមិសាស្ត្ររវាងចិននិងអាស៊ាន ដោយបង្កើតច្រករបៀងទំនិញពីរផ្លូវថ្មី និងជំរុញការប្រមូលផ្តុំទុន បច្ចេកវិទ្យា ព្រមទាំងកម្លាំងពលកម្ម ដើម្បីបង្កើតគម្រោងវិនិយោគឆ្លងដែនថ្មីៗ»៕