គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនធានារ៉ាប់រងនាៗកាលពីល្ងាចថ្ងៃ អង្គារថា វត្តមានយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើឱ្យដែនអាកាសរបស់រុស្ស៊ីកំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ លោកថាពេលនេះដែនអាកាសរបស់រុស្ស៊ីជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន។
លោក ហ្សេលេនស្គី បានរៀបរាប់តាមរយៈសុន្ទរកថានៅក្នុងវីដេអូកាលពីពេលយប់ម្សិលមិញថា ថ្ងៃនេះ យើងចង់ព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី ដោយក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ អ្នករាល់គ្នាដែលនៅតែប្រើប្រាស់អាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ីពេលនេះ មេឃរបស់រុស្ស៊ីកំពុងក្លាយជាគ្រោះថ្នាក់ទាំងស្រុង។ លោកថាអ៊ុយក្រែនមិនបង្កការគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិលទេប៉ុន្តែនឹងមានយន្តហោះគ្មានមនុស្សបើកនៅលើដែនអាកាសរុស្ស៊ី ហើយការជូនដំណឹងត្រូវបានធ្វើឡើងរួចជាស្រេច៕