Swift cc time

ព្យុះទីហ្វុងសូឌែល វាយប្រហារខេត្តពីររបស់ចិន ឈានដល់ការប្រកាសអាសន្នកម្រិតខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុងសូឌែល (Saudel) បានវាយប្រហារខេត្តហ្វូចៀន (Fujian) និងខេត្តចឺជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ដែលជំរុញឱ្យអាជ្ញាធរចិន ប្រកាសអាសន្នទឹកជំនន់កម្រិតខ្ពស់បំផុត។ នៅក្រុងហ្វូទីង (Fuding) ខេត្តហ្វូចៀន អាជ្ញាធរចិន បានចេញបញ្ជាចល័តកម្រិតកំពូលកាលពីថ្ងៃអង្គារ ដោយអនុវត្តវិធានការនានា រួមមានការផ្អាកសេវាឡានក្រុង និងការបិទសាលារៀន ផ្សារ និងកន្លែងធ្វើការ។

ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យកម្រិតទឹកកើនឡើងខ្ពស់នៅតាមទន្លេ និងដៃទន្លេធំៗទាំងអស់ក្នុងក្រុងហ្វូទីង។ ឃុំជាច្រើនបានរាយការណ៍ពីការជន់លិច ការលិចលង់ដោយទឹកភ្លៀង ការបាក់ដីតាមដងផ្លូវ និងទឹកលិចលំនៅឋាននៅតាមតំបន់ទំនាប។

ជាការឆ្លើយតប មន្ត្រីមូលដ្ឋានបានចុះពិនិត្យប្រឡាយ និងលូបង្ហូរទឹក ព្រមទាំងសម្អាតល្បាប់ភក់ និងកាកសំណល់ ដើម្បីពន្លឿនការរំសាយទឹក។ ទូកកៅស៊ូក៏ត្រូវបានដាក់ពង្រាយដើម្បីជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងផងដែរ។ គិតត្រឹមថ្ងៃអង្គារ ប្រជាជនចំនួន ២.១២៣ នាក់ មកពីតំបន់គ្រោះថ្នាក់ ត្រូវបានជម្លៀស និងរៀបចំទីជម្រកយ៉ាងបន្ទាន់។

ដោយឡែក នៅក្រុងឡុងកាង (Longgang) នៃខេត្តចឺជាំង កម្លាំងអគ្គិភ័យបានខិតខំប្រឹងប្រែងពេញមួយយប់ថ្ងៃអង្គារ ដើម្បីសង្គ្រោះប្រជាពលរដ្ឋចំនួន ៥២ នាក់ដែលជាប់គាំង។

ក្នុងចំណោមអ្នកដែលជាប់គាំងនោះ មានបុរសចំណាស់អាយុ ៨០ ឆ្នាំម្នាក់កំពុងមានជំងឺរលាកទងសួត ជាប់គាំងនៅលើជាន់ទីពីរនៃអគារលិចទឹក។ ភ្លាមៗនោះ កម្លាំងអគ្គិភ័យសហការជាមួយបុគ្គលិកសហគមន៍ បានជួយដឹកជញ្ជូនបុរសចំណាស់រូបនោះយ៉ាងប្រុងប្រយ័ត្នឡើងលើទូកសង្គ្រោះ និងបញ្ជូនទៅកាន់ទីសុវត្ថិភាពដោយសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង