ថៃ៖ អាជ្ញាធរឡាវបានចាប់បញ្ជូនពលរដ្ឋថៃចំនួន ៣៤ នាក់ (ស្រី ១២ នាក់ និងប្រុស ២២ នាក់) ទៅស្រុកវិញតាមច្រកទ្វារព្រំដែនស្ពានមិត្តភាពថៃ-ឡាវ ខេត្តណងខាយ។ ការបញ្ជូនខ្លួននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរឡាវបានបើកប្រតិបត្តិការបោសសម្អាតបណ្តាញគេហទំព័រល្បែងស៊ីសង និងក្រុមស្កេម (Scammer) ក្នុងរដ្ឋធានីវៀងចន្ទន៍ ដោយបានចាប់ខ្លួនពលរដ្ឋថៃទាំងនោះពីបទធ្វើការងារដោយគ្មានលិខិតអនុញ្ញាត និងលួចលាក់ដំណើរការវេបសាយល្បែង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News ក្រោយពេលនាំខ្លួនមកដល់ មន្ត្រីអន្តោប្រវេសន៍ថៃសហការជាមួយក្រុមការងារអន្តរវិស័យមកពីក្រសួងពាក់ព័ន្ធ បានធ្វើការសម្ភាសន៍ និងចម្រាញ់យ៉ាងលម្អិតដើម្បីពិនិត្យរកមើលជនរងគ្រោះនៃការជួញដូរមនុស្ស។ មន្រ្តីជំនាញឡាវបានរកឃើញថាពួកគេទាំងនោះបានឆ្លងដែនទៅធ្វើការជាបុគ្គលិកគ្រប់គ្រងគេហទំព័រ ឬខាងរដ្ឋបាល (Admin) ឱ្យកាស៊ីណូ និងវេបសាយល្បែងអនឡាញចំនួន ៦ ដោយបែងចែកជាពីរវេន និងទទួលបានប្រាក់ខែចន្លោះពី ១៥០០០ ដល់ ២១០០០ បាត (ប្រហែល ៤៥២ ដល់ ៦៣៤ ដុល្លារ)៕