Swift cc time

ក្រុងញូវយ៉ក ហាមឃាត់សិស្ស ៦០ម៉ឺននាក់ប្រើ AI ជំនាន់ថ្មី ដើម្បីការពារសមត្ថភាពគិត និងរក្សាទំនាក់ទំនងជាមួយគ្រូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ញូវយ៉ក៖ រដ្ឋបាលក្រុងញូវយ៉ក បានប្រកាសដាក់ចេញនូវគោលនយោបាយហាមឃាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតជំនាន់ថ្មី (Generative AI) សម្រាប់សិស្សានុសិស្សសាលារដ្ឋចាប់ពីថ្នាក់ទី ២ (2K) រហូតដល់ថ្នាក់ទី ៨។ វិធានការផ្អាករយៈពេលមួយឆ្នាំនេះ នឹងត្រូវអនុវត្តលើសិស្សប្រមាណ ៦០០០០០ នាក់ ដែលស្មើនឹងជិតពីរភាគបីនៃចំនួនសិស្សសរុបក្នុងក្រុង ដោយរួមបញ្ចូលទាំងការបិទដំណើរការមុខងារ AI នៅក្នុងកម្មវិធីសិក្សាជាង ៣៨ ដែលមិនឆ្លើយតបតាមស្តង់ដារសុវត្ថិភាពថ្មី។ នេះបើផ្អែកតាមការបញ្ជាក់របស់អភិបាលក្រុងញូវយ៉ក លោក សូហ្រាន់ ម៉ាមដានី (Zohran Mamdani)។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN គោលបំណងចម្បងនៃការប្រកាសនេះ គឺដើម្បីការពារសមត្ថភាពគិតផ្នែកវិចារណញ្ញាណរបស់សិស្ស ក៏ដូចជាថែរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសិស្ស និងគ្រូបង្រៀន ពីព្រោះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាបច្ចេកវិទ្យានេះអាចរាំងស្ទះដល់ការរៀនសូត្រ ការអភិវឌ្ឍ និងបង្កហានិភ័យដល់សុវត្ថិភាពរបស់កុមារ។ តាមប្រភពព័ត៌មាន ថ្វីបើកម្មវិធីជជែកកំសាន្ត (Chatbots) ដូចជា ChatGPT និង Claude ត្រូវបានហាមឃាត់សម្រាប់គ្រប់កម្រិតថ្នាក់ ប៉ុន្តែសិស្សថ្នាក់វិទ្យាល័យនឹងនៅតែអាចចូលប្រើប្រាស់ឧបករណ៍ AI មួយចំនួនដែលមានកំណត់ រួមទាំងការទទួលបានវគ្គសិក្សាស្ដីពីការគិតបែបស៊ីជម្រៅលើ AI។

គោលនយោបាយថ្មីនេះក៏បានកំណត់ពេលវេលាប្រើប្រាស់អេក្រង់សម្រាប់សិស្សតាមកម្រិតថ្នាក់នីមួយៗ ដោយមានការលើកលែងចំពោះសិស្សពិការ និងសិស្សកំពុងរៀនភាសាអង់គ្លេស ខណៈដែលគ្រូបង្រៀនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ AI សម្រាប់ការរៀបចំកិច្ចតែងការបង្រៀន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការដាក់ពិន្ទុ ឬវាយតម្លៃសិស្សឡើយ។ មន្ត្រីសាលារៀន និងសហជីពគ្រូបង្រៀនបានសម្តែងការគាំទ្រចំពោះវិធានការនេះ ដើម្បីធានាថាបច្ចេកវិទ្យាមិនមែនជាកត្តាគ្របដណ្តប់លើការអភិវឌ្ឍផ្នែកអប់រំបឋមឡើយ៕

Khcct banner

អត្ថបទទាក់ទង