Swift cc time

មន្ត្រីរាជការថៃជិត ៤ ពាន់នាក់ ត្រូវបញ្ឈប់ពីការងារ ក្រោយពាក់ព័ន្ធការលួចបន្លំប្រឡងជ្រើសរើសមន្ត្រីមូលដ្ឋានទ្រង់ទ្រាយធំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ មន្ត្រីថៃចំនួន ៣៨៦៨ នាក់ ត្រូវបានដកហូតតំណែងជាផ្លូវការ ពាក់ព័ន្ធនឹងការលួចបន្លំការប្រឡងជ្រើសរើសមន្ត្រីរាជការមូលដ្ឋានទ្រង់ទ្រាយធំ។ មន្ត្រីទាំង ៣៨៦៨ នាក់នេះ គឺជាអ្នកដែលត្រូវបានតែងតាំងឱ្យចូលបម្រើការងាររួចជាស្រេច ក្នុងចំណោមមនុស្សសរុប ៥៩២៥ នាក់ ដែលត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការកែប្រែពិន្ទុប្រឡង។ ដំណើរការនៃការដកហូតតំណែងទូទាំងប្រទេសនេះ ត្រូវបានបញ្ចប់ត្រឹមថ្ងៃកំណត់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដើម្បីធានាបាននូវស្តង់ដារដូចគ្នានៅគ្រប់ខេត្តទាំងអស់ ខណៈដែលការរៀបចំការប្រឡង ឬតែងតាំងថ្មីដើម្បីបំពេញមុខតំណែងដែលទំនេរទាំងនោះ ត្រូវបានរំពឹងថានឹងរួចរាល់ត្រឹមចុងខែតុលា ឆ្នាំ២០២៦។នេះបើតាមការចេញផ្សាយរបស់កាសែតThe Nation។

លោក និរ៉ាត់ ពង្សស៊ីតថាវ៉ន (Nirat Pongsitthaworn) អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គនាយកស្ដីទីនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋានថៃ បានពន្យល់ថា មូលហេតុដែលតួលេខនៃការដកហូតមានត្រឹមតែ ៣៨៦៨ នាក់ គឺដោយសារតែតួលេខសរុប ៥៩២៥ នាក់ គឺជាចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីកែពិន្ទុ ប៉ុន្តែមានតែ ៣៨៦៨ នាក់ប៉ុណ្ណោះដែលត្រូវបានតែងតាំងរួចរាល់។ ចំណែកឯអ្នកដែលនៅសល់ជាង ១០០០ នាក់ទៀត គឺគ្រាន់តែស្ថិតក្នុងរង់ចាំការតែងតាំងប៉ុណ្ណោះ ដែលធ្វើឱ្យមិនចាំបាច់មានការដកហូតតំណែងនោះទេ។

លោកបានបញ្ជាក់បន្ថែមថា រហូតមកទល់ពេលនេះ មិនទាន់មានបណ្តឹងផ្លូវច្បាប់ណាមួយត្រូវបានដាក់ពាក្យប្តឹងប្រឆាំងនឹងចំណាត់ការនេះនៅឡើយទេ ដោយសារតែភស្តុតាង និងលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ពិន្ទុទាំងពិតទាំងក្លែងក្លាយមានភាពច្បាស់លាស់គ្រប់គ្រាន់ ដែលធ្វើឱ្យគ្រប់ភាគីទាំងអស់សុទ្ធតែអាចទទួលយកបាន។

គួររំលឹកថា ការប្រឡងជ្រើសរើសបុគ្គលិកថ្នាក់មូលដ្ឋានទ្រង់ទ្រាយធំរបស់ថៃនេះ គឺពាក់ព័ន្ធនឹងបេក្ខជនដាក់ពាក្យប្រឡងប្រជែងជិត ៣០០០០០ នាក់ ដែលការរកឃើញភាពមិនប្រក្រតី និងការកែពិន្ទុទ្រង់ទ្រាយធំនេះ បានក្លាយជារឿងអាស្រូវដ៏គួរឱ្យកត់សម្គាល់មួយក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់ប្រទេសថៃ ដែលទាមទារឱ្យក្រសួងមហាផ្ទៃត្រូវអនុវត្តវិធានការណ៍រដ្ឋបាលយ៉ាងតឹងរ៉ឹងដើម្បីលុបបំបាត់អំពើពុករលួយ និងធានាបាននូវតម្លាភាព៕

Khcct banner

អត្ថបទទាក់ទង