Swift cc time

រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក បដិសេធថាអាម៉េរិកមិនបានលួចប្រេងរបស់វេណេស៊ុយអេឡាដូចការចោទប្រកាន់នោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាម៉េរិក លោក Chris Wright / AP 

ការ៉ាកាស៖ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាម៉េរិក លោក Chris Wright កាលពីល្ងាចថ្ងៃពុធ បានច្រានចោលការចោទប្រកាន់ៗនាៗថាអាម៉េរិកកំពុងតែលួចប្រេងរបស់វេណេស៊ុយអេឡា លោក Wright បញ្ជាក់ទៀតថាលោកបានឃើញចំណងជើងទាំងនោះអត្ថបទជាច្រើនចុះផ្សាយថាអាម៉េរិកបានលួចប្រេងរបស់វេណេស៊ុយអេឡា។លោកថារឿងទាំងនេះមិនមែនជាការពិតឡើយ ហើយប្រេងនៅវេណេស៊ុយអេឡាគឺជាកម្មសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា។ ការបញ្ជាក់របស់លោកបែបនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលមួយចំនួនដែលមានតម្លៃរាប់ពាន់លានដុល្លារ។

លោក Chris Wright អះអាងទៀតថាក្រុមហ៊ុនឯកជនកំពុងនាំយកប្រាក់មកផលិតប្រេង ប៉ុន្តែអត្ថប្រយោជន៍ សួយសារអាករ និងពន្ធទាំងអស់ទៅឲ្យរដ្ឋាភិបាលវេណេស៊ុយអេឡា និងប្រជាជនវេណេស៊ុយអេឡាដែលទទួលបានការចំណេញ។លោកថា អ្វីដែលអាម៉េរិកកំពុងធ្វើគឺការយកទ្រព្យសម្បត្តិក្រោមដីដែលទុកចោល ដែលមិនធ្វើអ្វីសោះសម្រាប់ប្រជាជនវេណេស៊ុយអេឡា ហើយនាំយកប្រាក់ និងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍវាដល់ប្រជាជនវេណេស៊ុយអេឡា។

លោក Wright ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជួសជុលវិស័យអគ្គិសនីរបស់វេណេស៊ុយអេឡា ដោយភាគច្រើនកំពុងជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោងជារៀងរាល់ថ្ងៃ។ លោកបានបន្ថែមថា វិស័យប្រេងក៏ត្រូវការអគ្គិសនីដើម្បីដំណើរការផងដែរ។លោកថា វេណេស៊ុយអេឡាត្រូវការពួកគេទាំងពីរ រួមមានហេដ្ឋារចនាសម្ព័ន្ធ (អគ្គិសនី) និងការវិនិយោគចូលបន្ថែមពីសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិកនឹងគ្រប់គ្រងភាគច្រើននៃប្រេងជាង ៥៦ ពាន់លានបារ៉ែលស្ទើរតែ ២០ភាគរយនៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយក្នុងនោះមានប្រាក់ចំណូលចំនួន ២០៩ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ២៥ ឆ្នាំពីកិច្ចព្រមព្រៀងប្រេងប្រវត្តិសាស្រ្តដ៏ធំសម្បើមមួយនេះ៕

Khcct banner

អត្ថបទទាក់ទង