Swift cc time

វៀតណាម ប្រហារជីវិតមនុស្ស ១១នាក់ និងដាក់ពន្ធនាគារមួយជីវិត ១៩នាក់ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហូជីមិញ៖ តុលាការក្រុងហូជីមិញ បានកាត់ទោសប្រហារជីវិតចំនួន ១១នាក់ និងដាក់ពន្ធនាគារអស់មួយជីវិតចំនួន ១៩នាក់ ក្នុងចំណោមជនជាប់ចោទសរុប ២២៧នាក់ ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ «VN10» ដែលបានផ្ទុះឡើងកាលពីឆ្នាំ ២០២៣ បន្ទាប់ពីមានករណីនាំចូលគ្រឿងញៀនពីប្រទេសបារាំងមកកាន់ប្រទេសវៀតណាម តាមរយៈអាកាសយានិកចំនួន ៤រូប។

យោងតាមការចេញផ្សាយរបស់កាសែត Tuoi Tre News តុលាការក្រុងហូជីមិញបានប្រកាសសាលក្រមនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ លោក ហា ដាញណាម (Ha Danh Nam) ដែលត្រូវជាមេក្លោងនៃបណ្តាញជួញដូរគ្រឿងញៀននេះ ត្រូវបានផ្តន្ទាទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ខណៈដែលជនជាប់ចោទ ១០នាក់ផ្សេងទៀត ក៏ទទួលបានទោសប្រហារជីវិតសម្រាប់បទល្មើសស្រដៀងគ្នានេះ។

ជនជាប់ចោទដែលមានឈ្មោះល្បីៗមួយចំនួនក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ ដូចជា តារាចម្រៀង ឈី ដាន (Chi Dan) ជាប់ពន្ធនាគារ ៧ឆ្នាំ, អ្នកលេងបណ្តាញសង្គម ង្វៀន ដូ ទ្រុកភឿង (Nguyen Do Truc Phuong) ជាប់ពន្ធនាគារ ៦ឆ្នាំ និងតារាបង្ហាញម៉ូដ អានឌ្រៀ អាយបា កាម៉ូណា (Andrea Aybar Carmona) ហៅ An Tay ជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទរៀបចំ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

គួរបញ្ជាក់ថា សំណុំរឿង VN10 បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីគយអាកាសយានដ្ឋានអន្តរជាតិ តាន់ សុនញ៉ាត(Tan Son Ngat International Airport) រកឃើញគ្រឿងញៀនជាង ១១,២គីឡូក្រាម លាក់ក្នុងបំពង់ថ្នាំដុសធ្មេញរបស់អាកាសយានិកនារី ៤នាក់ ដែលហោះហើរមកពីទីក្រុងប៉ារីស។ ដោយសាររកមិនឃើញពិរុទ្ធភាព ឬភស្តុតាងពាក់ព័ន្ធ ផ្លូវច្បាប់វៀតណាមបានដោះលែងពួកគេវិញ ប៉ុន្តែប៉ូលិសវៀតណាម បានពង្រីកការស៊ើបអង្កេតរហូតទម្លាយបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិដ៏ធំមួយ ដែលមានទំហំទឹកប្រាក់ប្រតិបត្តិការជិត ២៩ទ្រីលានដុង (ប្រហែល ១,១ពាន់លានដុល្លារ) និងមានអ្នកត្រូវចោទប្រកាន់សរុបជាង ២៧០០នាក់៕

Khcct banner

អត្ថបទទាក់ទង