Swift cc time

ជប៉ុន ពិចារណារើសជនបរទេសចូលធ្វើទាហានការពារជាតិ ក្រោយមានបញ្ហាកង្វះកម្លាំងយោធា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ជប៉ុន៖ មូលនិធិសន្តិភាពសាសាកាវ៉ា (Sasakawa Peace Foundation) នៅទីក្រុងតូក្យូ បានដាក់ស្នើរបាយការណ៍មួយទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីស៊ូម៊ី (Shinjiro Koizumi) ដោយស្នើឱ្យរដ្ឋាភិបាលពិចារណាលើការជ្រើសរើសពលរដ្ឋបរទេសឱ្យចូលបម្រើការក្នុងកងកម្លាំងស្វ័យការពារជប៉ុន (SDF) ដើម្បីដោះស្រាយបញ្ហាខ្វះកងកម្លាំងជាច្រើននាក់ ដែលបណ្តាលមកពីការធ្លាក់ចុះចំនួនប្រជាជន និងកម្លាំងពលកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុន។ នេះបើយោងតាមកាសែត Japan Daily ។

យោងតាមសំណើដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦ បានឱ្យដឹងថា ដោយទទួលបានការលើកទឹកចិត្តពីគោលនយោបាយរបស់ប្រទេសនានាដូចជា អូស្ត្រាលី មូលនិធិខាងលើបានណែនាំឱ្យអនុញ្ញាតឱ្យជនបរទេសមានទីលំនៅអចិន្ត្រៃយ៍មកពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសដែលមានទស្សនៈស្រដៀងគ្នា អាចចូលរួមក្នុងជួរកងទ័ពបាន។ ដើម្បីធានាដល់សន្តិសុខជាតិ ជនបរទេសដែលចូលបម្រើការនឹងត្រូវដាក់កំហិតមិនឱ្យកាន់តួនាទីប្រយុទ្ធ ឬតួនាទីជាអំណាចសាធារណៈនោះឡើយ ព្រមទាំងមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការទទួលបានព័ត៌មានសម្ងាត់។

ក្រៅពីបញ្ហាបុគ្គលិក មូលនិធិក៏បានផ្តល់អនុសាសន៍ឱ្យពង្រឹងភាពធន់នៃឧស្សាហកម្មការពារជាតិ ដោយការបែងចែកកន្លែងផលិតកម្មសំខាន់ៗឱ្យនៅដាច់ដោយឡែកពីគ្នា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឱ្យស្ថិតនៅក្រោមដី។

អតីតមន្ត្រីការពារជាតិជប៉ុនដែលបានចូលរួមក្នុងការរៀបចំរបាយការណ៍នេះ បានបញ្ជាក់ថា អនុសាសន៍ទាំងនេះនឹងត្រូវធ្វើការវាយតម្លៃសម្រាប់លទ្ធភាពនៃការដាក់បញ្ចូលទៅក្នុងការពិនិត្យឡើងវិញនូវឯកសារសន្តិសុខជាតិស្នូលរបស់ប្រទេសជប៉ុននាពេលខាងមុខ៕

Khcct banner

អត្ថបទទាក់ទង