Swift cc time

ឥណ្ឌា ហាមពលរដ្ឋបរិភោគត្រីចម្លែកៗហូរមកពីនេប៉ាល់ បារម្ភមានជាតិពុលបង្ករោគផ្សេងៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌា៖ រដ្ឋាភិបាលរដ្ឋពីហារ (Bihar) ប្រទេសឥណ្ឌា បានចេញសេចក្តីជូនដំណឹងព្រមានដល់ប្រជាពលរដ្ឋកុំឱ្យចាប់ លក់ ឬបរិភោគត្រីដែលត្រូវបានទឹកជំនន់ពីប្រទេសនេប៉ាល់បោកបក់នាំយកមកជាមួយ ព្រោះវាអាចមានផ្ទុកសារធាតុពុល បាក់តេរី វីរុស និងភ្នាក់ងារបង្ករោគផ្សេងៗ ដែលនាំឱ្យប្រជាពលរដ្ឋខ្លះធ្លាក់ខ្លួនឈឺក្រោយពេលបរិភោគ។ ជំនន់ទឹកភ្លៀង និងទឹកជំនន់ឆាប់រហ័សពីប្រទេសនេប៉ាល់ បានហូរច្រោះតាមទន្លេត្រីស៊ូលី ចូលមកក្នុងរដ្ឋពីហារតាមរយៈទន្លេគង់ដាក់ និងទន្លេកូស៊ី ដោយនាំមកជាមួយនូវកាកសំណល់ សាកសពសត្វ ព្រមទាំងត្រីប្លែកៗជាច្រើន។

យោងតាមការចេញផ្សាយរបស់កាសែតNDTV ក្រសួងធនធានសត្វ និងជលផលនៃរដ្ឋពីហារ បានអំពាវនាវឱ្យសាធារណជនជៀសវាងដាច់ខាតនូវការទិញ លក់ ឬបរិភោគត្រីទឹកជំនន់ទាំងនោះ ដោយត្រូវរាយការណ៍អំពីការប្រទះឃើញត្រីខុសប្រក្រតីទៅកាន់អាជ្ញាធរមូលដ្ឋាន និងប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លងរោគក្នុងប្រភពទឹកផឹកដូចជា អណ្តូង និងបំពង់បូមទឹកជាដើម។ ប្រជាពលរដ្ឋក៏ត្រូវបានណែនាំឱ្យស្វែងរកការព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាពដែលនៅជិតបំផុត ប្រសិនបើមានរោគសញ្ញាខុសប្រក្រតីដូចជា ក្អួត រាគ ឈឺពោះ វិលមុខ ឬពិបាកដកដង្ហើម បន្ទាប់ពីបានបរិភោគអាហារទាំងនោះ។

ក្រៅពីបញ្ហាត្រីមានជាតិពុល ទឹកជំនន់នេះក៏បាននាំមកនូវកាកសំណល់ កម្ទេចកម្ទីស្ពានដែលខូចខាត និងសារធាតុគីមីផ្សេងៗ ដែលធ្វើឱ្យការធ្លាក់ចុះគុណភាពទឹក និងការបំពុលទឹកក្រោមដីដែលមានផ្ទុកសារធាតុអាសេនិកនិងដែកខ្ពស់ស្រាប់នៅក្នុងតំបន់ កាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត។

ស្ថានភាពនេះមិនត្រឹមតែគំរាមកំហែងដល់សុខភាពសាធារណៈតាមរយៈការរីករាលដាលនៃជំងឺរាគរូស កូលេរ៉ា (Cholera) ទីហ្វ៉ូ (Cholera) និងជំងឺរលាកថ្លើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណាំកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ជំងឺឆ្លងកូលេរ៉ា (Cholera) ជាជំងឺឆ្លងរាគរូស បណ្តាលមកពីបាក់តេរី ដែលធ្វើឱ្យអ្នកជំងឺបាត់បង់ទឹកក្នុងខ្លួនយ៉ាងលឿនតាមរយៈការរាគ និងក្អួតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើព្យាបាលមិនបានទាន់ពេល។

ចំណែក ជំងឺទីហ្វ៉ូ (Typhoid) ជាជំងឺឆ្លងបាក់តេរីម្យ៉ាងទៀត ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងសរីរាង្គខាងក្នុង ដោយបង្កឱ្យមានអាការៈគ្រុនក្តៅខ្លាំង អស់កម្លាំង ឈឺក្បាល ឈឺពោះ និងអាចមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព៕

Khcct banner

អត្ថបទទាក់ទង