Swift cc time

ក្រសួងទេសចរណ៍ និងគណៈមេធាវីកម្ពុជា ចុះMoUលើការពង្រឹងកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីការពង្រឹងកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍។ អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ មានសុពលភាពរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមក្រសួងទេសចរណ៍។

បើតាមសេចក្ដីប្រកាស តាមរយៈអនុស្សរណៈនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ជួយសម្របសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងចូលរួមសិក្សា និងផ្តល់អនុសាសន៍លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍វិស័យទេសចរណ៍ សំដៅរួមចំណែកកែលម្អក្របខណ្ឌគតិយុត្ត និងការពារផលប្រយោជន៍ភ្ញៀវទេសចរនៅកម្ពុជា។

ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានស្នើដល់គណៈមេធាវី បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ក្នុងការរៀបចំ និងកែសម្រួលច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សរុបចំនួន១០គម្រោង ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់ដល់មន្ត្រីរាជការក្រសួងទេសចរណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ក្រសួងទេសចរណ៍ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ កែលម្អក្របខណ្ឌគតិយុត្តក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់បរិយាកាសទេសចរណ៍ប្រកបដោយគុណភាព ទំនុកចិត្ត និងការការពារផលប្រយោជន៍របស់ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធ៕


Khcct banner

អត្ថបទទាក់ទង