កណ្តាល៖ កំព្រាឪពុកតាំងពីនៅក្នុងផ្ទៃរបស់ម្តាយបាន៣ខែ យុវតី យ៉ិន ចាន់ធឿន យកភាពលំបាករបស់ម្តាយ ដើម្បីជាកម្លាំងចិត្តខំរៀនរហូតបាននិទ្ទេសA ក្នុងការប្រឡងបាក់ឌុប២០២៦។ ដើម្បីបានកូនសិក្សា ម្តាយរបស់ចាន់ធឿន តស៊ូតាំងបេះត្រកួនដើរលក់ ដើម្បីចិញ្ចឹមកូនបានរៀន លុះដល់ពេលមួយ មានបញ្ហាសុខភាពជើងមិនអាចបន្តដើរលក់ត្រកួន ក៏ត្រូវប្តូរមុខរបរទៅជួយលក់បងប្អូន ដើម្បីប្តូរអាហារបីពេល និងប្រាក់កម្រៃទំនុកបម្រុងកូនបានទៅរៀនមួយចំនួន។
យុវតី យ៉ិន ចាន់ធឿន បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា «ខ្ញុំត្រូវបង្ខំចិត្តមករៀននៅភ្នំពេញ ចោលម្តាយកំពុងមានជម្ញឺ ព្រោះចង់មានអនាគតល្អជួយគ្រួសារ ខ្ញុំពិតជាបារម្ភពីគាត់ ដោយសារតែគាត់មានជម្ងឺ តែប្រសិនបើខ្ញុំមិនមករៀនត ជីវិតខ្ញុំអាចនៅបន្តលំបាកទៅមុខទៀត។ ខ្ញុំខំរៀនណាស់ទាំងយប់ទាំងថ្ងៃ ព្រោះអត់ចង់ឃើញម៉ែលំបាកទៀតទេ ក៏ចង់ឃើញខ្លួនឯង និងគ្រួសារអាចមានជីវភាពល្អប្រសើរជាងមុន។ គោលដៅដែលខ្ញុំចង់ធ្វើបន្តគឺរៀននៅសកលវិទ្យាល័យឱ្យពូកែ និងយកចំណេះជំនាញដែលខ្ញុំមានទៅធ្វើការ រកលុយចិញ្ចឹមម៉ែ និងខ្លួនឯង។»
យុវតី យ៉ិន ចាន់ធឿន ជាសិស្សមកពីវិទ្យាល័យសាន់នីវូសំរោងធំ នៃខេត្តកណ្តាល ដែលទើបប្រឡងបាក់ឌុបថ្មីៗនេះ បាននិទ្ទេសA ដោយបានស្វ័យសិក្សាខ្លួនឯង និងការរៀននៅថ្នាក់សាលារដ្ឋ។ ចាន់ធឿន បានរៀបរាប់ពីរបៀបររៀនថា«ពេលចូលថ្នាក់ទី១២ ខ្ញុំមិនបានរៀនគួរដូចសិស្សឯទៀតទេ។ ខ្ញុំក៏មិនមានប្រាក់ចំណាយលុយទិញសៀវភៅដើម្បីសិក្សាដែរ រាល់ឯកសារដែលខ្ញុំបានសិក្សាគឺរៀនតាម File ក្នុងតេលេក្រាម។ ខ្ញុំបានប្រើប្រាស់ ChatGPT, Gemini ជាជំនួយ ក្នុងការរៀន និងឆាតទៅសួរមេរៀន ឬលំហាត់ពីលោកគ្រូអ្នកគ្រូ។»
រលកជីវិតដ៏លំបាកមួយនេះ បានធ្វើឱ្យយុវតីរូបនេះ កាន់តែស្វាត់ស្វាញ ប្រវេប្រវា ដាក់ពាក្យអាហារូបករណ៍ រហូតបានជាប់រៀននៅវិទ្យាស្ថានPSE ដែលនឹងចូលរៀននៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ ដែលអនុញ្ញាតឱ្យខ្លួនបានមានកន្លែងស្នាក់នៅ អាហារ និងបានសិក្សាជំនាញដែលខ្លួនស្រលាញ់តាំងពីថ្នាក់ទី១០មក គឺជំនាញព័ត៌មានវិទ្យា(IT)។ ចិត្តមួយមិនចង់ចោលម្តាយ ចិត្តមួយទៀតខ្លាចជីវិតបន្តលំបាកជាងនេះ ចាន់ធឿន សុខចិត្តជ្រើសរើសមករៀននៅភ្នំពេញចោលម្តាយ ទាំងអារម្មណ៍សោកសៅគិតពីបញ្ហាសុខភាពម្តាយ។ អ្វីដែលកាន់តែពិបាកជាងនេះ គឺបារម្ភមិនមានថវិកាទិញថ្នាំព្យាបាលជើងម្តាយដែលកំពុងមានបញ្ហា។
ក្នុងបទសម្ភាសនេះ ចាន់ធឿន បានរៀបរាប់ទាំងក្តីសង្ឃឹមថា «ខ្ញុំសង្ឃឹមថាការសម្រេចចិត្តរបស់ខ្ញុំ នឹងនាំខ្ញុំឆ្ពោះទៅរកជីវិតមួយដ៏ប្រសើរជាងពេលបច្ចុប្បន្ន និងប្រែគ្រួសារឲ្យមានជីវភាពល្អដូចគេដូចឯង»៕