ភ្នំពេញ៖ គិតត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៦នេះ ប្រព័ន្ធគាំពារសង្គម និងការគ្របដណ្តប់សុខភាពនៅកម្ពុជា បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋសរុបប្រមាណ ៨,៥ លាននាក់ ឬស្មើនឹងជិត ៥០% នៃពលរដ្ឋសរុប ខណៈកាលពីដើមនីតិកាលទី៧ នៃរដ្ឋសភាមានពលរដ្ឋទទួលផលពីប្រព័ន្ធគាំពារសង្គមចំនួនប្រមាណ ៦,៥លាននាក់។
ប្រព័ន្ធគាំពារសង្គមកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលសំខាន់ៗ។ ចាប់តាំងពីឆ្នាំ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ ដោយត្រឹមត្រីមាសទី៣នៃឆ្នាំ២០២៦នេះ ប្រព័ន្ធគាំពារសង្គម និងការគ្របដណ្តប់សុខភាពនៅកម្ពុជា បាន និងកំពុងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋសរុបប្រមាណ ៨,៥ លាននាក់ ឬស្មើនឹងជិត ៥០% នៃពលរដ្ឋសរុប ខណៈកាលពីដើមនីតិកាលទី៧ នៃរដ្ឋសភាមានពលរដ្ឋទទួលផលពីប្រព័ន្ធគាំពារសង្គមចំនួនប្រមាណ ៦,៥លាននាក់។
បើតាមរបាយការណ៍ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅចំនួនប្រមាណ ៥ លាននាក់ ដោយរាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ១៣០,១ ប៊ីលានរៀល ឬស្មើនឹង ២៨២ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ នេះ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមនានា រួមទាំងមូលនិធិសមធម៌សុខាភិបាលផងដែរ។
ដោយឡែក របបសន្តិសុខសង្គម បានគ្របដណ្តប់ពលរដ្ឋប្រមាណជាង ៣,៥ លាននាក់ ដែលក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ៩០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤៨៧ លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានពីសមាជិក ប.ស.ស. សម្រាប់របបសន្តិសុខសង្គម ៣ ធំៗ រួមមាន៖ ១).របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, ២). របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ, និង ៣).របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
បន្ថែមលើនេះ កម្មវិធីជំនួយសង្គមពិសេស និងអន្តរាគមន៍ពិសេស ក៏ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋដែលទទួលរងកម្មវិបាកពីវិបត្តិ និងគ្រោះអាសន្ននានា រួមមានវិបត្តិជំងឺកូវីដ-១៩, សម្ពាធអតិផរណា, គ្រោះទឹកជំនន់ធ្ងន់ធ្ងរ, និងសង្គ្រាមព្រំដែនជាដើម ស្របពេលដែលរាជរដ្ឋាភិបាល បានត្រៀមខ្លួនជានិច្ច ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍តាមការចាំបាច់ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋ នៅពេលជួបវិបត្តិ និងគ្រោះអាសន្ន ដែលអាចកើតមានជាយថាហេតុ នៅពេលខាងមុខ៕