Swift cc time

យុវជន សួងហាន ឬទ្ធីសក្តិ៖ ឆ្លងកាត់ការខិតខំប្រឹងប្រែងយ៉ាងលំបាក ការទទួលបាននិទ្ទេសAនាពេលនេះ គឺជាមោទនភាពដ៏ធំធេងបំផុតក្នុងជីវិតយុវវ័យរបស់ខ្ញុំ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន សួងហាន ឬទ្ធីសក្តិ ជាបេក្ខជនបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។ ក្រោយប្រកាសលទ្ធផល និងបានដឹងពីលទ្ធផលរបស់ខ្លួន យុវជនរូបនេះ បានបង្ហាញនូវការខិតខំប្រឹងប្រែងយ៉ាងលំបាកកន្លងមក ដែលបានវិវឌ្ឍខ្លួនពីជ័យលាភីលេខ៤ សិស្សពូកែគណិតវិទ្យាថ្នាក់ទី៩ ទូទាំងប្រទេស កាលឆ្នាំ២០២៣ និងជ័យលាភីលេខ៣ សិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ រហូតបាន និទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩.៩៩៩ ឆ្នាំ២០២៦នេះ។ យុវជនឬទ្ធីសក្តិ បានចាត់ទុកសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺជាមោទនភាពដ៏ធំធេងបំផុតក្នុងជីវិតយុវវ័យរបស់រូបគេ។

យុវជន សួងហាន ឬទ្ធីសក្តិ បានបង្ហាញថា រាល់ភាពលំបាក និងការតស៊ូកន្លងមក បានផ្លាស់ប្តូរទៅជាផ្លែផ្កាដ៏មានតម្លៃតាមរយៈនិងបន្សល់ទុកនូវសមិទ្ធផលជូនខ្លួនឯងនិងគ្រួសារដូចជា៖ ក្នុងឆ្នាំ២០២៣ ទទួលបានជ័យលាភីលេខ១ សិស្សពូកែគណិតវិទ្យាថ្នាក់ទី៩ ទូទាំងខេត្ត និងជ័យលាភីលេខ៤ សិស្សពូកែគណិតវិទ្យាថ្នាក់ទី៩ ទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៦ ទទួលបានជ័យលាភីលេខ១ សិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ទូទាំងខេត្ត និងជ័យលាភីលេខ៣ សិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ទូទាំងប្រទេស ហើយថ្មីៗនេះ ទទួលបាន និទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩.៩៩៩។

យុវជនរូបនេះ បានបង្ហាញនូវសេចក្តីកតញ្ញូ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សគ្រប់រូបដែលបានជួយជ្រោមជ្រែងរូបគេនៅពីក្រោយខ្នង។ សំខាន់បំផុត រូបគេសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះលោកពុក អ្នកម្តាយ និងគ្រួសារទាំងមូល។ សម្រាប់ឬទ្ធីសក្តិ ពួកគាត់គឺជាកម្លាំងចិត្ត និងជាកម្លាំងរុញច្រានដ៏រឹងមាំ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ដើម្បីទំនុកបម្រុង និងលើកទឹកចិត្តគ្រប់ពេលវេលា ដោយមិនដែលដាក់សម្ពាធលើរូបគេឡើយ។ រាល់ជោគជ័យដែលរូបគេទទួលបាននៅថ្ងៃនេះ គឺកើតចេញពីទឹកចិត្តប្រកបដោយក្តីសង្ឃឹម និងការស្រឡាញ់ដែលគ្មានលក្ខខណ្ឌរបស់ពួកគាត់។

ទន្ទឹមនឹងនេះ ឬទ្ធីសក្តិបានសម្តែងនូវសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ចាប់តាំងពីកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកបើកផ្លូវ ពន្យល់ណែនាំ និងផ្ទេរចំណេះដឹងយ៉ាងអស់ពីបេះដូង ដោយមិនគិតពីការនឿយហត់ ដើម្បីកសាងរូបគេឱ្យមានសមត្ថភាព និងវិជ្ជាជីវៈរហូតមកដល់ថ្ងៃនេះ។

គួរបញ្ជាក់ថា យុវជន សួងហាន ឬទ្ធីសក្តិ គឺជាកូនប្រុសទី៣ក្នុងគ្រួសារដែលប្រឡងបាក់ឌុបជាប់ «និទ្ទេសA» ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបងប្រុសរបស់គេទាំងពីរនាក់។រូបគេមានបងប្រុសច្បងឈ្មោះ សួងហាន សែនឧត្តម ជាសិស្សនិទ្ទេស A កាលពីឆ្នាំ ២០២២ ខណៈកូនប្រុសទី២ ឈ្មោះ សួងហាន សេដ្ឋាលាភ បាននិទ្ទេសA កាលពីឆ្នាំ ២០២៥។ ចំណែកកូនប្រុសពៅ ឈ្មោះ សួងហាន ឬទ្ធីសក្តិ បាននិទ្ទេសA ឆ្នាំ២០២៦នេះ៕

Khcct banner

អត្ថបទទាក់ទង