Swift cc time

ក្រសួងពាណិជ្ជកម្ម បើកឱកាសឱ្យយុវជនជជែកដេញដោល ក្នុង«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បើកឱកាសឱ្យយុវជនជជែកដេញដោល ក្នុង«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចសន្ទនាសង្គម ពង្រឹងចំណេះដឹង និងការយល់ដឹងអំពីពាណិជ្ជកម្មឌីជីថល ព្រមទាំងជំរុញការគិតវិភាគ ការបង្ហាញមតិ និងការបំផុសគំនិតថ្មីៗ ដើម្បីចូលរួមកសាងអនាគតឌីជីថលដ៏ឆ្លាតវៃសម្រាប់កម្ពុជា។

បើតាមក្រសួងពាណិជ្ជកម្ម ការប្រកួតនេះត្រូវបានបែងចែកជា ៤ វគ្គ ដោយក្រុមនីមួយៗត្រូវបែងចែកតំណាងចូលរួមតាមវគ្គនីមួយៗ ដើម្បីធានាឱ្យសមាជិកគ្រប់រូបមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន។ វគ្គទាំង៤ រួមមាន៖ ១.ការបង្ហាញជំហរគាំទ្រ ឬបដិសេធលើប្រធានបទ ២.ការលើកយកមូលហេតុ ឯកសារយោង និងឧទាហរណ៍មកគាំទ្រជំហរ ៣.ការវាយបកចំពោះទឡ្ហីករណ៍របស់ក្រុមម្ខាងទៀត ៤.ការសរុបសេចក្តី និងបញ្ជាក់ជំហរចុងក្រោយ។ វគ្គនីមួយៗមានរយៈពេល ៤ នាទី បន្ទាប់មកមានពេល ២ នាទី សម្រាប់ពិភាក្សា និងរៀបចំគំនិត។ ក្រុមការងារបច្ចេកទេសនឹងជូនដំណឹងអំពីពេលវេលាដែលនៅសល់ចំនួន ២ លើក គឺនៅសល់ ៦០ វិនាទី និង ៣០ វិនាទី ហើយបេក្ខជន-បេក្ខនារីម្នាក់ដែលបានចូលរួមបង្ហាញក្នុងវគ្គណាមួយរួច មិនអាចបន្តនិយាយក្នុងវគ្គបន្ទាប់បានទេ ដើម្បីធានាឱ្យសមាជិកក្រុមទាំងអស់បានចូលរួមយ៉ាងសមធម៌។ ក្នុងពេលប្រកួត អ្នកចូលរួមមិនអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ ឬនាឡិកាឆ្លាតវៃ ជាដើម។

គណៈកម្មការផ្តល់ពិន្ទុក្នុងកម្មវិធីនេះ សុទ្ធសឹងតែជាអ្នកជំនាញនិងមានបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្ដែងជាច្រើនឆ្នាំ រួមមាន៖ លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, លោក ឈាង ប៉ូឡែន ទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជាអ្នកជំនាញផ្នែកពាណិជ្ជកម្មឌីជីថល, លោកស្រី តាន់ គីមតល់ ស្ថាបនិក និងនាយិការប្រតិបត្តិក្រុមហ៊ុន Grow4Growth Training & Development, លោកស្រី ឡាយ ស៊ីវហួង នាយិការប្រតិបត្តិ DICHI Academy និងលោក គង់ ឌីរ៉ង់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល នៃក្រសួងពាណិជ្ជកម្ម។ ចំពោះការវាយតម្លៃ ក្រុមដែលទទួលបានការគាំទ្រពីគណៈកម្មការយ៉ាងតិច ៣រូប ក្នុងចំណោមគណៈកម្មការទាំង ៥រូប នឹងទទួលបានសិទ្ធិបន្តទៅវគ្គបន្ទាប់ ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ និងការដាក់ពិន្ទុដែលបានកំណត់៕

Khcct banner

អត្ថបទទាក់ទង