Swift cc time

យុវតី ឆេង ហ្គេកហៀក ទទួលបាននិទ្ទេស A បន្តតំណែងពីបងស្រីបង្កើត២នាក់ដែលបាននិទ្ទេសA ក្នុងឆ្នាំ២០២៣ និង២០២៤

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវតី ឆេង ហ្គេកហៀក មកពីសាលារៀនសុវណ្ណភូមិ ទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ការជោគជ័យនេះ ជាការបន្តតំណែងពីបងស្រីបង្កើត២នាក់ ដែលទទួលបាននិទ្ទេសA ក្នុងឆ្នាំ២០២៣ និង២០២៤ ក្រោយការសិក្សានៅសាលារៀនសុវណ្ណភូមិ។

យុវតី ឆេង ហ្គេកហៀក ជាសិស្សសាលារៀនសុវណ្ណភូមិ ទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលបានប្រកាសលទ្ធផលនាថ្ងៃទី២ កញ្ញានេះ។ យុវតីរូបនេះ មានបងស្រីចំនួន២នាក់ ឈ្មោះឆេង ហ្គេកស៊ឺម និង ឆេង ហ្គេកហួយ ដែលសុទ្ធសឹងតែជាអតីតសិស្សនិទ្ទេស A ក្នុងឆ្នាំ២០២៣ និង២០២៤។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវតី ឆេង ហ្គេកហៀក បានបញ្ជាក់ថា រូបគេបានខិតខំប្រឹងប្រែងរៀនសូត្រតាំងពីដើមឆ្នាំមក ខិតខំស្តាប់លោកគ្រូអ្នកគ្រូពន្យល់ ហើយអនុវត្តលំហាត់បានច្រើនពេលនៅផ្ទះ។ បន្ថែមពីនេះ រូបគេមានបងស្រីដែលជាគំរូល្អ ដែលតែងតែណែនាំ ជួយពន្យល់ និងលើកទឹកចិត្តរហូតមក។ ទន្ទឹមនឹងនេះ យុវតី ឆេង ហ្គេកហៀក ក៏មិនភ្លេចគុណលោកគ្រូអ្នកគ្រូ និងសាលារៀនផងដែរ ដោយរូបគេ បានអរគុណជាខ្លាំងដល់លោកគ្រូអ្នកគ្រូមកពីសាលារៀនសុវណ្ណភូមិ ដែលប្រឹងប្រែងបង្រៀន យកចិត្តទុកដាក់រហូត រូបគេទទួលបានជោគជ័យនៅថ្ងៃនេះ។

បងស្រីទាំងពីរឈ្មោះ ឆេង ហ្គេកស៊ឺម និង ឆេង ហ្គេកហួយ ក៏បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ដែរថា កន្លងមករូបគេទាំងពីរតែងតែប្រាប់ និងពន្យល់ប្អូនរាល់ពេលប្អូនមានចំងល់អំពីមេរៀន និងគន្លឺះមួយចំនួនក្នុងការត្រៀមខ្លួនប្រឡងបាក់ឌុបឱ្យបាននិទ្ទេសល្អ។ យុវតី ឆេង ហ្គេកស៊ឺម និង ឆេង ហ្គេកហួយ បានបង្ហាញនូវអារម្មណ៍មានមោទនភាពដែលប្អូនស្រីទទួលបាននិទ្ទេស A ដូចខ្លួនដែរ។ គួររម្លឹកថា យុវតីទាំង៣នាក់នេះ មកពីសាលារៀនសុវណ្ណភូមិ៕

Khcct banner

អត្ថបទទាក់ទង