ភ្នំពេញ៖ ក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNYAP) កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំទិវាអន្តរជាតិយុវជន ដើម្បីអបអរសាទរទិវាអន្តរជាតិយុវជនឆ្នាំ២០២៦ និងខួប២០ឆ្នាំនៃ UNYAP ព្រមទាំងបង្កើតវេទិកាផ្តល់ឱកាសឱ្យយុវជន និងភាគីពាក់ព័ន្ធ ចែករំលែកពីបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយ ដើម្បីបង្កើតឱកាសឱ្យកាន់តែច្រើនសម្រាប់យុវជន។
ទិវាអន្តរជាតិយុវជនឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ “ បរិបទខុសគ្នា ក្តីប្រាថ្នាតែមួយ” បានឆ្លុះបញ្ចាំងថាទោះបីយុវជនរស់នៅក្នុងស្ថានភាពសង្គម សេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រខុសៗគ្នា ក៏យុវជនមានក្តីប្រាថ្នារួម គឺចង់បានអនាគតដែលមានស្ថិរភាព សុវត្ថិភាព និងជីវិតមួយដែលមានន័យ។ បន្ថែមពីនេះ កម្មវិធីក៏បានបង្ហាញពីរឿងរ៉ាវ និងបទពិសោធន៍របស់យុវជនកម្ពុជា ដែលពាក់ព័ន្ធនឹងការអប់រំ ការស្ម័គ្រចិត្ត ការបោះបង់ការសិក្សា ការរៀបការវ័យក្មេង និងការធ្វើចំណាកស្រុក។ ជាពិសេស ក៏មានការពិភាក្សាតុមូលអំពីប្រធានបទ “ ការវិនិយោគលើយុវជន គឺជាការវិនិយោគលើអនាគត” ផងដែរ។
នៅក្នុងទិវាអន្តរជាតិយុវជននេះ UNYAP ក៏បានលើកយកបញ្ហាប្រឈមមួយចំនួនដែលយុវជនបានជួបប្រទះរួមមាន បញ្ហាហិរញ្ញវត្ថុ ឱកាសការងារនៅមានកម្រិត ការទទួលបានការអប់រំ និងជំនាញមិនស្មើគ្នា បញ្ហាលំនៅឋាន ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ សម្ពាធពីសង្គម និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។
ជាមួយគ្នានេះ បើយោងតាមរបាយការណ៍ ស្ទង់មតិអនាគតប្រជាសាស្ត្រ ឆ្នាំ២០២៦ របស់ UNFPA ដែលសិក្សាពីយុវជនជាង ១០៨, 000នាក់ អាយុពី១៨ ដល់៣៩ឆ្នាំនៅក្នុងប្រទេស និងតបន់ចំនួន៧៣ បង្ហាញថា សន្តិសុខសេដ្ឋកិច្ច សុខភាព និងសុខមាលភាព គឺជាអាទិភាពសំខាន់ៗរបស់យុវជន។ ទន្ទឹមគ្នា យុវជនក៏មានការព្រួយបារម្ភកាន់តែខ្លាំងអំពីវិសមភាពសេដ្ឋកិច្ច ជម្លោះពិភពលោក បញ្ហាបរិស្ថាន និងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា។
ថ្លែងនៅក្នុងកម្មវិធីទិវាអន្តរជាតិយុវជន លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេរ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ យុវជនមិនត្រឹមតែជាអ្នកទទួលផលពីការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាដៃគូ និងដឹកនាំដោយពួកគេ។ នៅពេលដែលយើងប្រារព្ធខួប ២០ឆ្នាំ នៃក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិនៅតែប្តេជ្ញាដើរជាមួយយុវជន គាំទ្រសិទ្ធិរបស់ពួកគេ ពង្រីកសំឡេងរបស់ពួកគេ និងវិនិយោគលើពួកគេនៅថ្ងៃនេះ ដោយមិនចាំបាច់ថ្ងៃស្អែកនោះទេ”។
ជាមួយគ្នានេះ លោក ចឹក លីម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (NYDC) និងជាអគ្គនាយករងយុវជននៃ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍ថា៖ “ យើងត្រូវតែបន្តស្ដាប់សំឡេងរបស់ពួកគេ យល់ពីបញ្ហាប្រឈមរបស់ពួកគេប្រឈមមុខ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់ការអប់រំ ការអភិវឌ្ឍជំនាញ ការងារសមរម្យ និងការចូលរួមដ៏មានអត្ថន័យ។ នៅពេលយុវជនទទួលបានភាពអង់អាច ភាពជាអ្នកដឹកនាំ នោះពួកគេអាចចូលរួមចំណែកកាន់តែរឹងមាំក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។ យុវជន គឺជាកម្លាំងចលករសម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។
បន្ថែមពីនេះ បើយោងតាម ប៉ាច បញ្ញាវ័ន្ត តំណាងយុវជន UNYAP បាននិយាយថា ៖ “ក្នុងនាមជាយុវជន យើងមកពីសាវតាផ្សេងៗគ្នា ហើយប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងៗគ្នាផងដែរ ប៉ុន្តែយើងមានក្តីសង្ឃឹមដូចគ្នាជាច្រើនសម្រាប់អនាគតរបស់យើង។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ UNYAP បានផ្តល់ឱកាសឱ្យយុវជនលើកឡើងពីក្តីកង្វល់ ភាពជាអ្នកដឹកនាំ និងរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាន។ ខណៈពេលដែលយើងអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ យោងចង់រំលឹកដល់មនុស្សគ្រប់គ្នាថា ការវិនិយោគលើយុវជនមានន័យថា ការស្តាប់សំឡេងរបស់យើង ជឿទុកចិត្តលើគំនិតយើង និងការបង្កើតឱកាសពិតប្រាកដសម្រាប់យើងក្នុងការបង្កើតអនាគតដែលយើងចង់បាន”។
ជាចុងក្រោយក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNYAP) និងក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជាអំពាវនាវឱ្យមាន កិច្ចសហការណ៍កាន់តែខ្លាំង រវាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់យុវជន និងបង្កើតឱកាសការងារឱ្យកាន់តែច្រើន សម្រាប់យុវជន ឱ្យចូលរួមក្នុងការសម្រេចចិត្ត និងការអភិវឌ្ឍសង្គម។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានអ្នកចូលរួមដែលមានអត្តសញ្ញាណចម្រុះជាង ៣០០នាក់ ហើយជាឱកាសសម្រាប់ទទួលស្គាល់ និងគាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយយុវជន ពង្រឹងបណ្តាញយុវជន និងជំរុញការវិនិយោគកាន់តែច្រើនលើការអភិវឌ្ឍយុវជន។ ការវិនិយោគលើយុវជននៅថ្ងៃនេះ គឺជាការវិនិយោគលើអនាគតរបស់កម្ពុជា និងពិភពលោក៕