Swift cc time

កម្ពុជាបានក្លាយជាប្រទេសលំដាប់លេខ១នៅអាស៊ី ដែលមានអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីការផ្លាស់ប្តូរ និងសាមគ្គីភាព (VIES) មកពីបារាំង ច្រើនជាងគេ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភពរូបភាព៖ គេហទំព័រ France Volontaires Cambodge

ភ្នំពេញ៖ តាំងពីឆ្នាំ២០២៤មក កម្ពុជាបន្តឈរឈ្មោះជាគោលដៅចម្បង និងលេចធ្លោជាងគេបំផុតនៅតំបន់អាស៊ី ក្នុងការទទួលអ្នកស្ម័គ្រចិត្តអន្តរជាតិមកពីប្រទេសបារាំង ក្រោមកិច្ចសហប្រតិបត្តិការស្ម័គ្រចិត្តអន្តរជាតិដើម្បីការផ្លាស់ប្តូរ និងសាមគ្គីភាព (VIES)។ ក្រៅពីការគ្រងចំណាត់ថ្នាក់លេខ១នៅអាស៊ី កម្ពុជាក៏ជាប្រទេសលំដាប់លេខ២នៅលើពិភពលោក ដែលទទួលបានអ្នកស្ម័គ្រចិត្តសាមគ្គីភាពអន្តរជាតិ (VSI) ពីប្រទេសបារាំងច្រើនជាងគេផងដែរ។

យោងតាមរបាយការណ៍ France Volontaires Cambodge បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ នេះ អ្នកស្ម័គ្រចិត្តអន្តរជាតិ (ភាគច្រើនជាជនជាតិបារាំង) សរុបចំនួន ២២០ នាក់ បាននិងកំពុងបំពេញបេសកកម្មមនុស្សធម៌ និងអភិវឌ្ឍន៍សង្គម នៅតាមស្ថាប័ន និងអង្គការដៃគូទទួលស្វាគមន៍ចំនួន ៥១ កន្លែងនៅទូទាំងប្រទេស។ បើពិនិត្យលើទម្រង់នៃបេសកកម្ម ភាគច្រើននៃអ្នកស្ម័គ្រចិត្តគឺជាអ្នកស្ម័គ្រចិត្តសាមគ្គីភាពអន្តរជាតិ (VSI) ដែលមានចំនួនរហូតដល់ ១២១ នាក់ បន្ទាប់មកគឺសេវាពលរដ្ឋអន្តរជាតិ (SCI) មានចំនួន ៧៩ នាក់ អ្នកស្ម័គ្រចិត្តផ្លាស់ប្តូរ និងជំនាញ (VEC) ចំនួន ១៤ នាក់ និង សាមគ្គីភាពអន្តរជាតិ (CSI) ចំនួន ៦ នាក់។

បើតាមប្រភពដដែល គេសង្កេតឃើញថាស្ត្រីមានចំនួនច្រើនលើសលុបនៃសមាជិកស្ម័គ្រចិត្តសរុប ដែលមានរហូតដល់ ៦៧% នៃចំនួនសរុប។ ជាមួយគ្នានេះ យុវជនគឺជាកម្លាំងស្នូលចម្បង ដោយអ្នកមានអាយុចន្លោះពី ១៨ ដល់ ៣០ ឆ្នាំ មានចំណែករហូតដល់ ៧០% (ក្នុងនោះអាយុ ១៨ ដល់ ២៥ ឆ្នាំ មាន ៣៨% និងអាយុ ២៦ ដល់ ៣០ ឆ្នាំ មាន ៣២%)។ ចំណែកអ្នកស្ម័គ្រចិត្តវ័យកណ្តាលអាយុពី ៣១ ដល់ ៤០ ឆ្នាំ មាន ២១% អាយុពី ៤១ ដល់ ៥០ ឆ្នាំ មាន ៤% និងវ័យចាប់ពី ៥០ ឆ្នាំឡើងទៅ មាន ៦%។

បេសកកម្មរបស់អ្នកស្ម័គ្រចិត្តបារាំងទាំង ២២០ នាក់ ត្រូវបានបែងចែកទៅបំពេញការងារនៅតាមរាជធានី-ខេត្តសំខាន់ៗជាច្រើន ដោយក្នុងនោះរាជធានីភ្នំពេញទទួលបានអ្នកស្ម័គ្រចិត្តច្រើនជាងគេរហូតដល់ ១២០ នាក់។ បន្ទាប់មកគឺខេត្តសៀមរាប និងព្រះវិហារ មានចំនួន ៣៩ នាក់ ខេត្តបាត់ដំបង មាន ២១ នាក់ ខេត្តកំពត និងកែប មាន ១៩ នាក់ ខេត្តបន្ទាយមានជ័យ មាន ១៦ នាក់ ខេត្តព្រះសីហនុ មាន ៣ នាក់ និងខេត្តក្រចេះ មានចំនួន ២ នាក់។

វត្តមានរបស់អ្នកស្ម័គ្រចិត្តបារាំងទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ការចែករំលែកបទពិសោធន៍ និងការលើកកម្ពស់សាមគ្គីភាពអន្តរជាតិនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕

Khcct banner

អត្ថបទទាក់ទង