ភ្នំពេញ៖ យុវជនកម្ពុជា ៣០រូប ទទួលបានឱកាសបន្តការសិក្សានៅក្រុងធានជីន ប្រទេសចិន តាមរយៈអាហារូបករណ៍ អ.ម.ត។ មុនពេលចេញដំណើរ យុវជនទាំង៣០រូប បានទទួលការផ្តាំផ្ញើសាកសួរសុខទុក្ខ និងដំបូន្នានពីសម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដល់និស្សិតជ័យលាភីទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងស្រូបយកចំណេះដឹង ជំនាញឯកទេសពីសាស្ត្រាចារ្យ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន សម្រាប់យកមកបម្រើសង្គមជាតិនាពេលអនាគត។
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍របស់ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៣០រូប ទៅបន្តការសិក្សានៅក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនេះ ក្រុមការងារ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដល់និស្សិតជ័យលាភីទាំងអស់។ ទន្ទឹមនេះ ក្រុមការងារក៏បានផ្តាំផ្ញើឱ្យនិស្សិតយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំប្រឹងប្រែងរៀនសូត្រ និងស្រូបយកចំណេះដឹង ជំនាញឯកទេសពីសាស្ត្រាចារ្យ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឱ្យកាន់តែមុតស្រួច សម្រាប់យកមកបម្រើសង្គមជាតិនាពេលអនាគត។ ជាពិសេស និស្សិតគ្រប់រូបត្រូវធ្វើជាគំរូដ៏ល្អ តំណាងឱ្យប្រទេសកម្ពុជា ដោយត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ និងកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូរ ជៀសវាងអំពើអបាយមុខ និងគ្រឿងញៀនជាដាច់ខាត ព្រមទាំងខិតខំកសាងទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ និងមិត្តភក្តិអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ជាតិនៅលើឆាកអន្តរជាតិ។
ជាការឆ្លើយតប និស្សិត និងអាណាព្យាបាលទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេច ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ជាអនេក ចំពោះការយកចិត្តទុកដាក់យ៉ាង ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំសិក្សារៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីប្រែក្លាយខ្លួនជាមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ប្រទេសជាតិ៕