ស៊ីប៖ មនុស្សប្រមាណប្រាំបីនាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរមួយបានលិចនៅភាគខាងជើងប្រទេសស៊ីប មន្រ្តីក្នុងតំបន់រងគ្រោះបានអះអាងថាសាឡាងនេះបានដឹកអ្នកដំណើរចំនួន ២៥៩ នាក់ និងសមាជិកនាវិកចំនួនប្រាំបីនាក់ នៅពេលដែលវាចាប់ផ្តើមលិចទឹក បន្ទាប់ពីចាកចេញពីទីក្រុងឆ្នេរសមុទ្រ Kyrenia នៃប្រទេសស៊ីប។
បើតាមលោក Ünal Üstel នាយករដ្ឋមន្ត្រីនៃភាគខាងជើងរបស់ប្រទេសស៊ីប បានបញ្ជាក់ថាសាឡាងនេះបានដឹកអ្នកដំណើរចំនួន ២៥៩ នាក់ និងសមាជិកនាវិកចំនួនប្រាំបីនាក់ នៅពេលដែលវាចាប់ផ្តើមលិច បន្ទាប់ពីចាកចេញពីទីក្រុងឆ្នេរសមុទ្រ Kyrenia។ លោក Üstel បន្តទៀតថាប្រធានកប៉ាល់ និងសមាជិកនាវិកចំនួនប្រាំពីរនាក់ត្រូវបានឃុំខ្លួនជាផ្នែកមួយនៃការស៊ើបអង្កេតលើរបៀបដែលសោកនាដកម្មនេះបានកើតឡើង។ លោកថាពេលនេះប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដើម្បីស្វែងរកអ្នកដំណើរដែលនៅតែបាត់ខ្លួនកំពុងដំណើរការ។
លោក Ünal Üstel បន្ថែមទៀតថាសាឡាងឯកជននេះបានចាកចេញពីរមណីយដ្ឋានវិស្សមកាលដ៏ពេញនិយម Kyrenia នៅម៉ោងប្រហែល 12:30 ម៉ោងក្នុងស្រុក (09:30 GMT) ដោយសាឡាងនេះ គ្រោងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែស្ថានភាពអាកាសធាតុមិនល្អ ដោយដំបូងឡើយសាឡាងនេះត្រូវបានរលកពីរបោកបក់មុនពេលវាលិច។ លោកបន្ថែមទៀតថាពេលនេះឧទ្ធម្ភាគចក្រ និងទូកឆ្មាំសមុទ្រត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយនៅលើឆ្នេររួចរាល់ដើម្បីទទួលអ្នកដំណើរដែលត្រូវបានជួយសង្គ្រោះ៕