ហ្វូជៀន៖ តុលាការចំនួនពីរក្នុងខេត្តហ្វូជៀន ប្រទេសចិន កាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានប្រកាសសាលក្រមដំបូងលើសំណុំរឿងក្រុមឧក្រិដ្ឋជន «ត្រកូល វ៉េ (Wei Family)» ដែលជាក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពល និងសាហាវឃោរឃៅនៅតំបន់កូកាំង ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដោយបានសម្រេចផ្តន្ទាទោសប្រហារជីវិតមេខ្លោង ៣ នាក់ រួមមានឈ្មោះ Wei Huairen, Chen Dawei និង Liao Jingfang ព្រមទាំងដាក់ពន្ធនាគារមួយជីវិតលើមនុស្ស ៣ នាក់ផ្សេងទៀត។ បន្ថែមពីនេះ បក្សពួកចំនួន ៥៥ នាក់ទៀត ត្រូវស្ថាប័នអយ្យការកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៣ ឆ្នាំ ៣ ខែ ដល់ ២៤ ឆ្នាំ រួមជាមួយទណ្ឌកម្មពិន័យជាប្រាក់ ការរឹបអូសទ្រព្យសម្បត្តិ និងការបណ្តេញចេញពីប្រទេស។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អំណាចដ៏រឹងមាំរបស់ត្រកូល វ៉េ ខុសប្លែកពីក្រុមឆបោកដទៃ ដោយសារពួកគេបានក្តាប់អំណាចផ្ទាល់លើកងកម្លាំងការពារព្រំដែនផ្លូវការ (Kokang BGF) ដោយមានឈ្មោះ Wei Huairen ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងបានលើកបន្តុបក្មួយប្រុសឈ្មោះ Chen Dawei ឱ្យកាន់កាប់កងកម្លាំងយោធា ដើម្បីយកអំណាចរដ្ឋមកការពារអាណាចក្រខុសច្បាប់របស់ខ្លួន។
ចាប់តាំងពីឆ្នាំ២០១៧ ពួកគេបានបង្កើតទីតាំងឆបោកចំនួន ១៤ កន្លែង ដោយជ្រកក្រោមរូបភាពជា «សួនឧស្សាហកម្ម» ហើយបានចាប់ជម្រិត លក់មនុស្ស និងទារប្រាក់លោះរហូតដល់ជាង ៤៥,០០០ ដុល្លារក្នុងម្នាក់ៗ។ ប្រតិបត្តិការរបស់ក្រុមនេះ ថែមទាំងជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មយ៉ាងព្រៃផ្សៃ ដោយបានបាញ់សម្លាប់ជនរងគ្រោះស្លូតត្រង់ និងចងច្រវាក់សាកសពកប់ចោលយ៉ាងអមនុស្សធម៌។
ក្នុងរយៈពេល ៥ ឆ្នាំ ប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងកម្មវិធីវិនិយោគគ្រីបតូក្លែងក្លាយរបស់ត្រកូល វ៉េ រកប្រាក់ចំណូលខុសច្បាប់បានជិត ៦ ពាន់លានយ័ន (ប្រហែល ៨៤០ លានដុល្លារ) ខណៈចរន្តសាច់ប្រាក់តាមកាស៊ីណូមានរហូតដល់ ១០ ពាន់លានយ័ន (ប្រហែល ១.៤ ពាន់លានដុល្លារ)។ ដើម្បីបំបែកសំណុំរឿងដ៏ស្មុគស្មាញនេះ សមត្ថកិច្ចចិនបានឆ្លងដែនចូលមីយ៉ាន់ម៉ាចំនួន ៣ លើក និងចុះស្រាវជ្រាវប្រមូលភស្តុតាងនៅតាម ២៨ ខេត្ត និង ២៤០ ទីក្រុង ក្នុងប្រទេសចិន ដោយចំណាយពេលជាង ៧០០ ថ្ងៃ រហូតឈានដល់ការចាប់ខ្លួនមេខ្លោងទាំងអស់ និងកាត់ទោសតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
គួរបញ្ជាក់ថា គ្រួសារ វ៉េ គឺជាគ្រួសារទីបីក្នុងចំណោម «គ្រួសារទាំងបួន» នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់របស់ប្រទេសចិន បន្ទាប់ពីគ្រួសារ ម៉េង (Ming) និង បៃ (Bai)។ ក្នុងចំណោមគ្រួសារទាំងបួននេះ គ្រួសារ វ៉េ ត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ខ្លាំងជាងគេ៕