Swift cc time

ជប៉ុន និងអាម៉េរិក ពិនិត្យឡើងវិញនូវច្បាប់សម្រាប់ទាហានអាម៉េរិកនៅពេលទំនេរ ក្រោយហេតុការណ៍ឃាតកម្មនៅអូគីណាវ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានបញ្ជាក់នៅថ្ងៃអង្គារនេះថា មន្ត្រីនានាកំពុងពិនិត្យឡើងវិញនូវក្រមប្រតិបត្តិសម្រាប់ទាហានអាម៉េរិកនៅពេលចេញក្រៅមូលដ្ឋាន បន្ទាប់ពីមានករណីសង្ស័យថាទាហានម៉ារីនអាម៉េរិកម្នាក់បានសម្លាប់ស្ត្រីជនជាតិជប៉ុននៅអូគីណាវ៉ាម្នាក់។លោក Motegi បានមានប្រសាសន៍ថា៖ «យើងមានគម្រោងរៀបចំកិច្ចពិភាក្សា រួមទាំងការពិនិត្យមើលថាតើច្បាប់ដែលមានស្រាប់កំពុងដំណើរការប្រកបដោយប្រសិទ្ធភាពដែរឬទេ»។ លោកបានបន្ថែមថា «បញ្ហាដូចជាការល្បាត និងការគ្រប់គ្រងការហាមឃាត់ការចេញក្រៅនៅពេលយប់ (curfew)» នឹងត្រូវដាក់បញ្ចូលក្នុងការពិភាក្សាជាមួយសហរដ្ឋអាម៉េរិកដើម្បីទប់ស្កាត់បទល្មើសនាៗដែលអាចនឹងកើតមានឡើងនាពេលអនាគត។

លោក Toshimitsu Motegi អះអាងទៀតថា កិច្ចពិភាក្សាកម្រិតខ្ពស់ទ្វេភាគីនេះនឹងពិនិត្យមើលលើការប្រព្រឹត្តរបស់ទាហាននៅពេលទំនេរ និងគោលនយោបាយស្តីពី «សេរីភាព» ក្នុងការធ្វើសកម្មភាពឯកជននៅក្រៅមូលដ្ឋានរបស់បុគ្គលិកយោធាអាម៉េរិក។លោកបន្តថា គោលនយោបាយដែលមានស្រាប់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ ២០២៤ បន្ទាប់ពីមានករណីរំលោភសេពសន្ថវៈជាបន្តបន្ទាប់ដោយបុគ្គលិកយោធាអាម៉េរិកនៅអូគីណាវ៉ា រួមមានការហាមឃាត់មិនឱ្យបុគ្គលិកយោធាអាម៉េរិកផឹកគ្រឿងស្រវឹងនៅទីសាធារណៈក្រៅមូលដ្ឋានចន្លោះម៉ោង ១ រំលងអធ្រាត្រដល់ម៉ោង ៥ ព្រឹក ឬចូលទៅកាន់បារ (bars) ក្នុងអំឡុងពេលនោះ។

ជាមួយគ្នានេះដែរនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងនៅថ្ងៃអង្គារនេះដែលថា៖ «យើងបានចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ និងកម្រិតការងាររវាងជប៉ុន និងសហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន អំពីវិធានការប្រកបដោយប្រសិទ្ធភាពដែលគួរតែត្រូវបានអនុវត្ត»។ លោកស្រីបានប្រាប់កិច្ចប្រជុំគណៈកម្មាធិការនីតិប្បញ្ញត្តិថា៖ «រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយករណីនេះ និងធានាថាឧក្រិដ្ឋដែលប្រព្រឹត្តដោយបុគ្គលិកយោធាអាម៉េរិក នឹងលែងកើតមានទៀត។

លោក Devin Jacob Ballard ដែលជាទាហានជើងទឹកអាម៉េរិក (US Marine) ត្រូវបានចាប់ខ្លួន ដោយសង្ស័យថាបានប្រព្រឹត្តអំពើឃាតកម្ម

គួររម្លឹកថាកាលពីសប្តាហ៍មុន ប៉ូលិសជប៉ុនបានចាប់ខ្លួនទាហានម៉ារីនអាម៉េរិកម្នាក់ដែលប្រចាំការនៅអូគីណាវ៉ា ដោយសង្ស័យថាបានសម្លាប់ស្ត្រីអាយុ ៣៩ ឆ្នាំម្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង Naha។ យោធាអាម៉េរិកបានសម្រេចផ្អាកប្រតិបត្តិការរយៈពេលពីរថ្ងៃបន្ទាប់ពីការចាប់ខ្លួនទាហានម៉ារីនរូបនោះ ដើម្បីពង្រឹងវិន័យ និងស្តង់ដារ ហើយបន្ទាប់មកបានដាក់ចេញនូវវិធានការហាមឃាត់ការចេញក្រៅនៅពេលយប់រយៈពេលមួយខែ ដោយចាប់ផ្តើមពីម៉ោង ១២ រំលងអធ្រាត្រ។ កាលពីឆ្នាំមុន តុលាការជប៉ុនមួយបានកាត់ទោសទាហានម៉ារីនអាម៉េរិកម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ពីបទច្របាច់ក និងប៉ុនប៉ងរំលោភស្ត្រីម្នាក់ដែលមានអាយុក្នុងវ័យ ២០ ឆ្នាំ ដោយបច្ចុប្បន្ននេះសហរដ្ឋអាម៉េរិកមានបុគ្គលិកយោធាប្រមាណ ៥៤,០០០ នាក់កំពុងឈរជើងនៅក្នុងប្រទេសជប៉ុន ដែលភាគច្រើនស្ថិតនៅតំបន់អូគីណាវ៉ា៕

Khcct banner

អត្ថបទទាក់ទង