ចិន៖ អាជ្ញាធរប្រឆាំងអំពើពុករលួយជាន់ខ្ពស់របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថា លោក Huang Qifan អតីតអភិបាលក្រុង ឆុងឈីង កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសារការសង្ស័យថាមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យរបស់បក្ស និងច្បាប់ជាតិ។ សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយតាមអ៊ីនធឺណិតដោយគណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យនៃបក្សកុម្មុយនីស្តចិន (CPC) និងគណៈកម្មការត្រួតពិនិត្យជាតិ។
យោងតាមឯកសារសាធារណៈ លោក Huang ដែលមានអាយុ ៧៤ ឆ្នាំ និងមានដើមកំណើតមកពីខេត្ត Zhejiang បានចាប់ផ្តើមអាជីពរបស់លោកជាកម្មករនៅរោងចក្រផលិតកូក (coking plant) ក្នុងខែកញ្ញា ឆ្នាំ ១៩៦៨ ហើយបានចូលរួមជាមួយបក្សកុម្មុយនីស្តចិន (CPC) ក្នុងខែមីនា ឆ្នាំ ១៩៧៦។ គាត់បានចំណាយពេលជាច្រើនទសវត្សរ៍ធ្វើការនៅទីក្រុង Shanghai មុនពេលផ្លាស់ទៅកាន់ទីក្រុង Chongqing ក្នុងឆ្នាំ ២០០១។ នៅទីក្រុង ឆុងឈីង លោក Huang បានកាន់តួនាទីសំខាន់ៗជាច្រើន រួមទាំងតួនាទីជាអភិបាលក្រុង និងជាអនុលេខានៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុង ឆុងឈីង។
ចាប់ពីខែកុម្ភៈ ឆ្នាំ ២០១៧ ដល់ខែមីនា ឆ្នាំ ២០១៨ គាត់បានបម្រើការងារឱ្យគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃសភាប្រជាជនជាតិ (National People’s Congress) ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសចិន។គាត់ក៏ធ្លាប់បម្រើការជាអនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការសិក្សាធិការនៅវិទ្យាស្ថានចិនសម្រាប់ការច្នៃប្រឌិត និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy)៕