អាឡាស្កា៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសនៅក្នុងកម្មវិធីជួបជុំមួយនៅរដ្ឋ អាឡាស្កាកាលពីថ្ងៃអង្គារថា តៃវ៉ាន់បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងបំពង់បង្ហូរឧស្ម័ននៅក្នុងរដ្ឋនេះ។ លោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់ទៀតថា កោះតៃវ៉ាន់បានប្តេជ្ញាចិត្តវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារអាម៉េរិក ក្នុងការអភិវឌ្ឍបំពង់បង្ហូរឧស្ម័ននេះដែរ ទោះបីជាលក្ខខណ្ឌផ្លូវការនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយក្តី។
មេដឹកនាំកោះតៃវ៉ាន់លោក Cho Jung-tai មិនបានបដិសេធឡើយលើការលើកឡើងរបស់លោកដូណាល់ត្រាំ។ កាលពីខែកុម្ភៈ មន្ត្រីតៃវ៉ាន់ធ្លាប់បានឱ្យដឹងថា ពួកគេមានផែនការបង្កើនការទិញឧស្ម័នធម្មជាតិពីអាម៉េរិកឱ្យបានប្រហែលមួយភាគបីនៃការនាំចូលសរុប ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសផ្សេង និងជួយកាត់បន្ថយអតិរេកពាណិជ្ជកម្មដ៏ច្រើនជាមួយអាម៉េរិក។ លើសពីនេះ ក្រុមហ៊ុនរដ្ឋ CPC Corp របស់តៃវ៉ាន់ ក៏បានចុះហត្ថលេខាលើលិខិតបង្ហាញបំណងទិញឧស្ម័ន LNG ចំនួន ៦ លានតោនក្នុងមួយឆ្នាំពីក្រុមហ៊ុន Alaska Gasline Development Corp កាលពីឆ្នាំមុនផងដែរ។
គួររម្លឹកថាប្រសិនបើគម្រោង Alaska LNG នេះត្រូវបានសាងសង់រួចរាល់ វានឹងមានសមត្ថភាពនាំចេញឧស្ម័នរហូតដល់ ២០ លានតោនក្នុងមួយឆ្នាំ ដោយផ្តល់នូវផ្លូវដឹកជញ្ជូនត្រង់ទៅកាន់ទីផ្សារអាស៊ី ដោយមិនបាច់ឆ្លងកាត់ព្រែកប៉ាណាម៉ា ឬតំបន់ស្នែងអាហ្វ្រិកឡើយ ដែលជួយកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើន។ គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក Trump ក្នុងការជំរុញការនាំចេញថាមពលទៅកាន់សម្ព័ន្ធមិត្តអាស៊ី ខណៈដែលប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូង ក៏ស្ថិតក្នុងគោលដៅពិភាក្សាវិនិយោគលើគម្រោងថាមពលរដ្ឋ Alaska នេះដែរ៕