នេប៉ាល់៖ លោក រ៉ាចេនដ្រា ដាវ៉ាឌី (Rajendra Dawadi) នាយកសាលាមធ្យមសិក្សា Tribhuvan Trishuli ក្នុងស្រុក Nuwakot បានជួយសង្គ្រោះជីវិតសិស្សានុសិស្សចំនួន ៩០០ នាក់ ពីគ្រោះមហន្តរាយទឹកជំនន់ដ៏ធំនៅក្នុងប្រទេសនេប៉ាល់ ដោយធ្វើការជម្លៀសពួកគេចេញត្រឹមតែ ១០ នាទី មុនពេលទឹកជំនន់វាយលុកមកដល់។ លោករ៉ាចេនដ្រាបានប្រាប់ទីភ្នាក់ងារ BBC ថា លោកទទួលសារព្រមានតាមទូរស័ព្ទបន្ទាន់ចំនួន ៤ ដងជាប់ៗគ្នាក្នុងពេលតែប៉ុន្មាននាទី។ តាមរយៈព័ត៌មានអាសន្ននេះ លោកបានសម្រេចចិត្តបញ្ជាឱ្យសិស្សរត់ឡើងទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជាឱ្យរថយន្តក្រុងដឹកសិស្សត្រឡប់ក្រោយវិញជាបន្ទាន់។
ចំណោមសិស្សានុសិស្ស សិស្សស្រីអាយុ ១៦ ឆ្នាំម្នាក់ឈ្មោះ យូនីសា អាម៉ាត់យ៉ា (Yunisha Amatya) បានរៀបរាប់ថា នាងនិងមិត្តភក្តិបានរត់គេចផុតពីទឹកជំនន់ត្រឹមតែ ១០ វិនាទីប៉ុណ្ណោះ មុនពេលបរិវេណជុំវិញសាលាត្រូវទឹកបោកបក់លិចលង់ទាំងស្រុង។ បន្ទាប់ពីជាប់គាំងនៅលើទីទួលសុវត្ថិភាពរយៈពេលពីរយប់ នាងក៏ត្រូវបានឧទ្ធម្ភាគចក្រជួយសង្គ្រោះ និងបានវិលមកជួបជុំជាមួយក្រុមគ្រួសារវិញដោយក្តីរំភើប។
គួរបញ្ជាក់ថា ទឹកជំនន់ដ៏រន្ធត់នេះ បានបំផ្លិចបំផ្លាញអគារសាលារៀនឱ្យលិចលង់ក្រោមល្បាយដីភក់ និងកម្ទេចកម្ទី ព្រមទាំងបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៧៩៤ នាក់ និងបាត់ខ្លួន ២៤២៦ នាក់៕