ថៃ៖ ប្រទេសថៃកំពុងប្រឈមមុខនឹងការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាព បន្ទាប់ពីមានករណីចាប់ជំរិតស្ត្រីទេសចរចិនអាយុ ២៩ ឆ្នាំម្នាក់ ដែលបានក្លាយជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ជាតិ។ ស្ថិតិភ្ញៀវទេសចរអន្តរជាតិរបស់ថៃ បានធ្លាក់ចុះ ៣,១៩% ចន្លោះខែមករា និងខែសីហា ខណៈការព្យាករណ៍ចំនួនភ្ញៀវទេសចរចិនសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកាត់បន្ថយពី ៩ លាននាក់មកត្រឹម ៧ លាននាក់ ដោយសារតែក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
យោងតាមប្រភពព័ត៌មាន VN Express ហេតុការណ៍នេះបានលាតត្រដាងពីការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលកំណត់គោលដៅលើភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិន ដើម្បីជួញដូរឆ្លងដែនទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្រាប់បម្រើឱ្យប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam operations)។
គួររំលឹកថា នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ត្រីទេសចរចិនវ័យ ២៩ ឆ្នាំខាងលើ ត្រូវបានគេបោកបញ្ឆោតចាប់ពង្រត់ពីទីក្រុងបាងកកដើម្បីយកទៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែបានរួចខ្លួនវិញដោយសារការប្រថុយលោតចុះពីឡាន និងស្រែកហៅប៉ូលិសជួយនៅខេត្តកំពែងពេជ្រ ដែលនាំឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ៤ នាក់។ ករណីនេះបានរំលឹកឡើងវិញនូវ ហេតុការណ៍ចាប់ពង្រត់តារាសម្តែងចិន វ៉ាង ជីង កន្លងមក ដែលកាន់តែបង្ហាញឱ្យឃើញពីភាពផុយស្រួយនៃសុវត្ថិភាពទេសចរណ៍ក្នុងប្រទេសថៃ។
បច្ចុប្បន្ន ខណៈដែលប្រទេសជិតខាងដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី កំពុងពង្រីកការហោះហើរ និងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ប្រទេសថៃកំពុងជួបការលំបាកខ្លាំង។ ដូច្នេះ ថៃចាំបាច់ត្រូវដាក់ចេញនូវវិធានការតឹងរ៉ឹង និងមានប្រសិទ្ធភាពជាងមុន ដើម្បីស្តារទំនុកចិត្តអ្នកទេសចរ និងការពារសេដ្ឋកិច្ចរបស់ខ្លួនដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍៕