សៀមរាប៖ វិទ្យាល័យជំនាន់ថ្មី អរញ្ញរង្សី រៀបចំការតាំងពិព័រណ៍វិទ្យាសាស្ត្រ និងការបង្ហាញស្នាដៃសិស្ស ក្នុងគោលបំណងលើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ព្រមទាំងបង្ហាញពីសមត្ថភាពច្នៃប្រឌិត ការអនុវត្តពិសោធន៍ជាក់ស្តែង និងសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាបារាំង និងភាសាអង់គ្លេសរបស់សិស្សានុសិស្ស។
យោងតាមគេហទំព័រក្រសួងអប់រំ សាលារៀនអរញ្ញរង្សី ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដំឡើងកម្រិត និងផ្លាស់ប្តូរពីអនុវិទ្យាល័យ ទៅជា «វិទ្យាល័យជំនាន់ថ្មី អរញ្ញរង្សី» ដែលបច្ចុប្បន្នមានសិស្សកំពុងសិក្សាប្រមាណ ៦០០នាក់។ សាលាបានអនុវត្តវិធីសាស្ត្របង្រៀនបែបទំនើប តាមរយៈការបញ្ជ្រាបមុខវិជ្ជា STEM និងកម្មវិធីសិក្សាទ្វេភាសា (បារាំង-អង់គ្លេស)។
ពិធីបើកការតាំងពិព័រណ៍វិទ្យាសាស្ត្រ និងការបង្ហាញស្នាដៃសិស្សនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យជំនាន់ថ្មី អរញ្ញរង្សី មានការចូលរួមពី លោក អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អនុប្រធានអង្គការ KAPE និងជាប្រធានសម្របសម្រួលកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងតំណាងអាជ្ញាធរដែនដី សហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើន៕