ប៉ាតាយ៉ា៖ ថៃប្រកាសបង្ក្រាបអំពើពេស្យាចារតាមដងផ្លូវក្រុងប៉ាតាយ៉ាដែលជាកន្លែងទេសចរណ៍រាត្រីដ៏ធំ និងល្បីមួយក្នុងប្រទេសថៃ ចំណាត់ការរបស់ថៃនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីបណ្តាញសារព័ត៌មានធំៗជាច្រើនចុះផ្សាយនិងរិះគន់បដិសណ្ឋារកិច្ចរបស់ចៅហ្វាយក្រុងថៃដែលប្រកាសនឹងទទួលទាហានជើងទឹកអាម៉េរិក ៥០០០ នាក់ក្នុងកន្លែងទេសចរណ៍នៃទីក្រុងប៉ាតាយ៉ា ដោយនាវាចម្បាំងអាម៉េរិក USS Abraham Lincoln នឹងចូលចតនៅកំពង់ផែ Laem Chabang ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខ ក្រោយបញ្ចប់បេសកកម្មនៅមជ្ឈិមបូព៌ា។
យោងតាមកាសែតថៃ មន្រ្តីនិងបុគ្គលិកសង្គមកិច្ចថៃជាង ២០០ នាក់បានឆ្មក់ចូលឆ្នេរ និងតំបន់សាធារណៈនៅទីក្រុងប៉ាតាយ៉ាកាលពីថ្ងៃទី ២៩ ខែសីហា ធ្វើការបង្ក្រាបអំពើពេស្យាចារដែលកំពុងតែមានកាន់តែច្រើនឡើង មុនពេលដំណើរទស្សនកិច្ចរបស់ទាហានជើងទឹកអាម៉េរិកចូលមកដល់នៅដើមខែកញ្ញាខាងមុខនេះ។ អាជ្ញាធរថៃបានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះផ្តោតលើបុគ្គលដែលត្រូវបានចោទប្រកាន់បាន ស្នើសុំ ឬចូលទៅជិតភ្ញៀវទេសចរសម្រាប់អំពើពេស្យាចារនៅជុំវិញឆ្នេរប៉ាតាយ៉ា។ ក្នុងនោះមានមនុស្សសរុបចំនួន ២៥ នាក់ត្រូវបានឃុំខ្លួន រួមទាំងជនជាតិថៃ ១៨ នាក់ ជនជាតិឡាវ ៥ នាក់ និងជនជាតិអ៊ូហ្គង់ដា ២ នាក់។
អ្នកទាំង ២៥ នាក់ត្រូវបាននាំខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់ រួមទាំងការពិន័យក្រោមក្របខ័ណ្ឌច្បាប់របស់ប្រទេសថៃ។ អាជ្ញាធរបានកត់សម្គាល់ថា បទល្មើសមួយចំនួនដែលពីមុនមានទោសព្រហ្មទណ្ឌត្រូវបានទទួលរងនូវច្បាប់ស្តីពីការពិន័យឆ្នាំ ២០២២ ជំនួសឱ្យការផ្តន្ទាទោសព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យជនល្មើសបង់ប្រាក់ពិន័យដោយមិនត្រូវបានចាត់ទុកថាជាការផ្តន្ទាទោសព្រហ្មទណ្ឌឡើយ។ អាជ្ញាធរថៃបានចាត់ទុកអាកប្បកិរិយាបែបនេះប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរូបភាពរបស់ប៉ាតាយ៉ាជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយ៕