Swift cc time

មនុស្សស្លាប់កើនដល់ជាង ៧០០នាក់ បាត់ខ្លួនជិត ២៥០០នាក់ ពីមហន្តរាយទឹកជំនន់នៅនេប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

នេប៉ាល់៖ តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៧៣៤នាក់ ខណៈមនុស្ស ២៤៩៨នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរនេប៉ាល់នៅថ្ងៃអាទិត្យនេះ។

យោងតាមអាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិនេប៉ាល់ (NDRRMA) ទិន្នន័យនេះត្រូវបានកត់ត្រាគិតត្រឹមម៉ោង ៩:០០ នាទីព្រឹក ម៉ោងក្នុងស្រុក។ ដោយឡែក ក្រុមប្រឹក្សាទេសចរណ៍នេប៉ាល់បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសចំនួន ២៦១នាក់ ត្រូវបានសង្គ្រោះគិតត្រឹមម៉ោង ១៨:០០ នាទី កាលពីថ្ងៃសៅរ៍ ខណៈ ៣២០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។

នៅក្នុងស្រុក Nuwakot ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមួយ ក្រុមសង្គ្រោះអាចសម្អាតផ្លូវដែលរាំងស្ទះបានត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ ចន្លោះថ្ងៃពុធ និងថ្ងៃសៅរ៍ ពេលដែលពួកគេខិតខំប្រឹងប្រែងឆ្ពោះទៅកាន់តំបន់រងខូចខាតធ្ងន់ធ្ងរ។

ក្រុមអ្នកសង្គ្រោះក្នុងស្រុកនេប៉ាល់បានឱ្យដឹងថា ដោយសារស្ថានភាពភ្លៀងធ្លាក់បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមការងារចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយបន្ទាប់បន្សំ និងត្រូវជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅកាន់ទីសុវត្ថិភាពជាច្រើនសារ។ បរិមាណភក់ និងល្បាប់ដីដ៏ច្រើនសន្ធឹកសន្ធាប់បន្តបិទផ្លូវធ្វើដំណើរ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជួបការលំបាកខ្លាំងបំផុត។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ភ្លាមៗដ៏សាហាវនេះ ត្រូវបានបង្កឡើងដោយសារការដួលរលំផ្ទាំងទឹកកក (Glacier) នៅតំបន់ខ្ពស់ ដែលបានហក់ចូលទន្លេ Bhote Koshi កាលពីព្រឹកថ្ងៃពុធសប្ដាហ៍មុន។ គ្រោះមហន្តរាយនេះបានវាយលុកកាត់ស្រុកចំនួនបី គឺស្រុក Rasuwa ស្រុក Nuwakot និងស្រុក Dhading ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង៕

Khcct banner

អត្ថបទទាក់ទង