Swift cc time

សភាពាណិជ្ជកម្មកម្ពុជា ចុះMoU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីការពារក្រុមហ៊ុនឯកជនដែលស្អាតស្អំ និងលុបបំបាត់ការប្រកួតប្រជែងមិនស្មើភាព

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ" ក្នុងគោលបំណងការពារក្រុមហ៊ុនឯកជនដែលមានស្អាតស្អំ លុបបំបាត់ការប្រកួតប្រជែងមិនស្មើភាព បង្កើនទំនុកចិត្តជូនវិនិយោគិនជាតិ និងអន្តរជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ពីធីចុះអនុស្សរណៈនៃយោគយល់គ្នានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាការបោះជំហ៊ានដ៏មានសារៈសំខាន់នៃការសហការប្រកបដោយភាពជិតស្និទ្ធរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងដើម្បីការពារក្រុមហ៊ុនឯកជនដែលមានស្អាតស្អំ លុបបំបាត់ការប្រកួតប្រជែងមិនស្មើភាព បង្កើនទំនុកចិត្តជូនវិនិយោគិនជាតិ និងអន្តរជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ស្របតាមឧត្តមានុវត្តន៍តំបន់អាស៊ាន និងសកលលោក។

ជាពិសេស ជាងនេះមិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាណដ៏ខ្លាំងក្លា ចំពោះវិនិយោគិនជាតិ និងអន្តរជាតិថា កម្ពុជាលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ ក្នុងស្មារតីមួយដែលទាំងរដ្ឋ ទាំងវិស័យឯកជន ធ្វើការជាមួយគ្នា។

MoUនេះ ក៏នឹងជួយពង្រឹងតួនាទី និងបង្ហាញពីជំហ៊រ និងគោលបំណងយ៉ាងច្បាស់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមស្ថាប័នតំណាងវិស័យឯកជន ដែលជាចក្រចេញចូលផ្លូវការតែមួយគត់ ដែលមានសមត្ថកិច្ចទទួលយករាល់ពាក្យបណ្តឹងរបស់ ធុរជន និង អ្នកវិនិយោគ ដើម្បីបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈម នានារបស់ធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅស្រុកប្រកបដោយតម្លាភាព បរិយាកាសធុរកិច្ចល្អប្រសើរ ធានារក្សាការសម្ងាត់ និងលុបបំបាត់ចំណាយក្រៅផ្លូវការ។

MoU នេះកំណត់កាតព្វកិច្ចយ៉ាងច្បាស់លាស់សម្រាប់ភាគីទាំងពីរ។ ខាងសភាពាណិជ្ជកម្មកម្ពុជា ត្រូវធានាបំពេញតួនាទីជាស្ពានតភ្ជាប់ សម្របសម្រួល-ទទួលពិភាក្សា និងបញ្ជូនពាក្យបណ្តឹងពីសមាជិកមកកាន់ អ.ប.ព. ស្របតាមនីតិវិធីច្បាប់ ព្រមទាំងផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយដល់សមាជិក ស.ព.ក. ទូទាំងប្រទេស។

ចំណែកឯខាង អ.ប.ព. បានប្តេជ្ញាការពារ និងលើកកម្ពស់សុចរិតភាព គាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ ព្រមទាំងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់ចំពោះប្រភពព័ត៌មាន និងភស្តុតាងទាំងឡាយណាដែលទទួលបានស្របច្បាប់ ធានាថារាល់ការផ្តល់ព័ត៌មានទាំងនោះ នឹងត្រូវបានពិនិត្យ ចាត់វិធានការតាមសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងការគោរពនីតិវិធីច្បាប់ជាដាច់ខាត៕


Khcct banner

អត្ថបទទាក់ទង