វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា រដ្ឋបាលរបស់លោកបានឈានដល់កិច្ចព្រមព្រៀងប្រេងដ៏ធំកម្រិតប្រវត្តិសាស្រ្តមួយជាមួយប្រទេសវេណេហ្ស៊ុយអេឡា ដែលនឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវការគ្រប់គ្រងភាគច្រើននៃប្រេងបម្រុងចំនួន ៦៥ ពាន់លានធុងរបស់ វ៉េណេស៊ុយអេឡា។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បញ្ជាក់ថា កិច្ចព្រមព្រៀងដែលលោកប្រធានាធិបតី ត្រាំ បានប្រកាសជា កិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកនឹងនាំមកនូវការវិនិយោគឯកជនជិត ១០០ ពាន់លានដុល្លារដល់ប្រទេសវេណេហ្ស៊ុយអេឡា។
បើតាមការប្រកាសរបស់លោកដូណាល់ត្រាំ តាមបណ្តាញសង្គម Trust Social លោកថាសហរដ្ឋអាម៉េរិកទើបតែទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសវេណេស៊ុយអេឡា ដែលជាកិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក លោកថាតាមការណែនាំរបស់លោក រដ្ឋមន្ត្រីការបរទេស Marco Rubio និងរដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីស្តីទីប្រទេសវេណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez និងតាមរយៈភាពជាដៃគូជាមួយអាជីវកម្មឯកជន បានធានាការគ្រប់គ្រងភាគច្រើនរបស់សហរដ្ឋអាម៉េរិកលើប្រេងបម្រុងជាង ៦៥ ពាន់លានបារ៉ែល។
សម្រាប់លោកត្រាំ ប្រតិបត្តិការប្រវត្តិសាស្ត្រនេះច្រើនជាងប្រេងបម្រុងរបស់អាម៉េរិកទ្វេដង ដោយនឹងបង្កើនការផ្គត់ផ្គង់ប្រេងរបស់អាម៉េរិក ហើយនឹងបន្ថយតម្លៃប្រេងឥន្ធនៈយ៉ាងច្រើនសម្រាប់ជនជាតិអាម៉េរិកទាំងអស់។
ជាមួយគ្នានេះដែរគេហទំព័រព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរកំពុងពិភាក្សាគ្នាលើអណ្តូងប្រេងផលិតក្នុងទំហំ ៩០ ពាន់លានបារ៉ែលនៃទុនបំរុងដែលស្មើនឹង ប្រហែលមួយភាគបីនៃទុនបម្រុងសរុបរបស់ប្រទេសវេណេស៊ុយអេឡាដែលមានចំនួន ៣០០ ពាន់លានធុង។ ជាថ្នូរនឹងការកាន់កាប់ភាគហ៊ុនរបស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុនឯកជន រួមទាំងក្រុមហ៊ុនអាម៉េរិក នឹងអភិវឌ្ឍវិស័យប្រេងនេះ និងប្រគល់ប្រាក់ចំណូលប្រេងបន្ថែមទៀតដល់ប្រទេសវេណេហ្ស៊ុយអេឡា៕