Swift cc time

យុវជនខ្មែរ ៦រូប ត្រូវបានជ្រើសរើសឱ្យចូលរួមសិក្ខាសាលាយុវជន ROK-Mekong នៅកូរ៉េ ក្នុងចំណោមយុវជនដាក់ពាក្យជាង១៤០០នាក់

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖ យុវជនខ្មែរ ៦រូបកាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែសីហាបានចូលរួមកម្ម​​វិធី “ROK–Mekong Youth Group Workshop” ដែលធ្វើឡើងក្រោមប្រធានបទ “យុវជនសាធារណរដ្ឋកូរ៉េ-មេគង្គ៖ រួបរួមគ្នាតាមរយៈវប្បធម៌” នៅទីក្រុងប៊ូសាន  និងសេអ៊ូល ប្រទេសកូរ៉េ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូវប្បធម៌ ការសិក្សា និងកិច្ចសហប្រតិបត្តការនៅក្នុងចំណោមយុវជននៅប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ កម្ពុជា​និងសាធារណរដ្ឋកូរ៉េ។


យោងតាមគេហទំព័រផ្លូវការរបស់​ KOREA.net សិក្ខាសាលានេះមានការចូលរួមដោយនិស្សិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនូន ៣៦នាក់​ ដែលមកពីប្រទេសកូរ៉េ និងប្រទេសជាសមាជិកអាស៊ានដែលមានទន្លេមេគង្គទាំង៥ រួមមាន ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងកម្ពុជា​ ដែលមានចំនួន ៦នាក់។​

បើតាមប្រភពដដែល អ្នកចូលរួមដែលត្រូវបានជ្រើសរើសត្រូវបានពង្រឹងអំពីកិច្ចសហប្រតិបត្តការមេគង្គ-សាធារណៈរដ្ឋកូរ៉េ តាមរយៈការបង្រៀនអំពីប្រធានបទជាច្រើន និងធ្វើទស្សនៈកិច្ចទៅកាន់ស្ថាប័នពាក់ព័ន្ធ និងការសហការណ៍ធ្វើបទបង្ហាញជាក្រុម។​ បន្ថែមពីនេះសិក្ខាសាលាក្នុងឆ្នាំ២០២៦នេះ ផ្តោតសំខាន់ទៅលើវិស័យវប្បធម៌ និងទេសចរណ៍ដែលជាវិស័យអាទិភាពនៅក្នុងចំណោមវិស័យអាទិភាពទាំងប្រាំពីរសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ‑សាធារណរដ្ឋកូរ៉េ។

បន្ថែមពីនេះ កញ្ញា ឈាង យុគីលីសា​ ដែលជាសិក្ខាកាមមួយរូបនៅក្នុងកម្មវិធីនេះបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាពិតជាទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធីរួមមាន ការធ្វើការជាក្រុមជាមួយយុវជនមកពីប្រទេសផ្សេងៗគ្នា ការបញ្ចេញគំនិតទស្សនៈដែលច្បាស់លាស់ និងការបង្កើតគម្រោងដោយភាពច្នៃប្រឌិត។ ជាមួយគ្នានេះ វាបានជំរុញឱ្យកញ្ញាយល់ដឹងកាន់តែខ្លាំងអំពីសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងការផ្សាភ្ជាប់វប្បធម៌រវាងគ្នា ព្រមទាំងជាឱកាសល្អមួយសម្រាប់កញ្ញាក្នុងការបង្ហាសមត្ថភាព និងទទួលបានចំណេះដឹងដែលអាចប្រើប្រាស់បានក្នុងពេលអនាគត។

កញ្ញា ឈាង យុគីលីសា​

គួរបញ្ជាក់ថា កម្មវិធី ROK-Mekong ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េចាប់តាំងពីឆ្នាំ២០២២ ហើយនៅក្នុងឆ្នាំ២០២៦ មានបេក្ខជនដាក់ពាក្យចូលរួមរហូតដល់ជាង ១៤០០នាក់ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ KOREA.net ៕

Khcct banner

អត្ថបទទាក់ទង